(ឡុងដ៍)៖ រដ្ឋមន្រ្តីសុខាភិបាលចក្រភពអង់គ្លេស លោក មែត ហែនខក (Matt Hancock) នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ បានប្រកាសថា មនុស្សពេញវ័យនៅក្នុងចក្រភពអង់គ្លេស ប្រមាណជាងពាក់កណ្តាលហើយ ដែលទទួលបានការចាក់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 យ៉ាងហោចក៏០១ដូសដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២១ ខែមីនា ឆ្នាំ២០២១។
ប្រការនេះធ្វើឲ្យចក្រភពអង់គ្លេស ក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចដំបូងគេលើលោក ដែលសម្រេចបានអត្រាការចាក់វ៉ាក់សាំងជូនប្រជាជនក្នុងកម្រិតនេះ។ ការប្រព្រឹត្តទៅនៃយុទ្ធនាការចាក់វ៉ាក់សាំងរបស់ចក្រភពអង់គ្លេស ដោយប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca និង របស់ក្រុមហ៊ុន Pfizer-BioNTech គឺមានភាពឆាប់រហ័សបំផុតមួយ។ បច្ចុប្បន្ន បើគិតពីភាគរយនៃចំនួនប្រជាជនសរុបក្នុងប្រទេសនីមួយៗ ដែលត្រូវបានចាក់វ៉ាក់សាំងប្រឆាំង COVID-19 គឺអ៉ីស្រាអែលជាអ្នកនាំមុខគេ បន្ទាប់មកគឺអេមីរ៉ាត់អារ៉ាប់រួម និងចក្រភពអង់គ្លេស។
គួរបញ្ជាក់ថា យោងតាមទិន្នន័យផ្លូវការពីការិយាល័យស្ថិតិនៃចក្រភពអង់គ្លេស ពលរដ្ឋចក្រភពអង់គ្លេសដែលពេញវ័យចំនួន២៦.៩លាននាក់ ត្រូវបានចាក់វ៉ាក់សាំង COVID-19 យ៉ាងហោច០១ដូស។ ចក្រភពអង់គ្លេសមានប្រជាជនសរុបជាង ៦៦លាននាក់ ក្នុងនោះអ្នកមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ គឺជាង៥២លាននាក់៕