(ប៉េកាំង)៖ បន្ទាប់ពីបញ្ចប់កិច្ចសន្ទនាយុទ្ធសាស្ត្រជាន់ខ្ពស់ រវាងប្រទេសចិននិងអាមេរិក រូបថតប្រៀបធៀបពីរសន្លឹកត្រូវបង្ហោះព្រមៗគ្នា តាមរយៈបណ្តាលទំនាក់ទំនងសង្គមនៃប្រទេសចិន រូបថតមួយសន្លឹកបានបង្ហាញពីសភាពការណ៍ចុះហត្ថលេខាលើ «សន្ធិសញ្ញាស៊ីនជូ » កាលពីឆ្នាំ១៩០១ ហើយរូបថតមួយសន្លឹកទៀតបានបង្ហាញពីសភាពការណ៍ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រជាន់ខ្ពស់រវាងចិននិងអាមេរិក ដែលបើកធ្វើនៅទីក្រុង Anchorage នៃរដ្ឋ Alaska ក្នុងសប្តាហ៍នេះ។
កាលពី១៩០១ រាជរដ្ឋាភិបាលនៃរជ្ជកាលឆេងត្រូវបង្ខំចុះហត្ថលេខាលើ «សន្ធិសញ្ញាស៊ីនជូ» ជាមួយ១១ប្រទេស ក្នុងនោះបូករួមទាំង អង់គ្លេស អាមេរិកនិងជប៉ុនជាដើម។ «សន្ធិសញ្ញាស៊ីនជូ» ជាសន្ធិសញ្ញាដែលត្រូវបរទេសទារប្រាក់សំណងច្រើនបំផុត និងបាត់បង់អធិបតេយ្យភាពធ្ងន់ធ្ងរបំផុត ក្នុងប្រវតិ្តសាស្ត្រសម័យទំនើបរបស់ប្រទេសចិន។
បន្ទាប់ពីបានចុះហត្ថលេខាលើ «សន្ធិសញ្ញាស៊ីនជូ» ប្រទេសចក្រពតិ្តនិយមបានបង្កើនថែមមួយកម្រិតទៀត នូវការគ្រប់គ្រងនិងទន្រ្ទានកាន់កាប់ទៅលើប្រទេសចិន។ ដូចនេះប្រទេសចិនបានក្លាយជាសង្គមពាក់កណ្តាលអាណានិគម ពាក់កណ្តាលសកិ្តភូមិនិយមទាំងស្រុង។
នៅឆ្នាំ១៩៤៩ សាធារណរដ្ឋប្រជាមានិតចិនបានចាប់បដិសនិ្ធឡើង បក្សកុម្មុយនិសចិនបានដឹកនាំប្រជាជនចិន ធ្វើការបង្កបង្កើនផលដោយខ្លួនឯង និងខិតខំតស៊ូយ៉ាងលំបាកលំបិន បានកែប្រែមុខមាត់ក្រីក្រទៅជាប្រទេសមានភាពរុងរឿងខ្លាំងក្លា បច្ចុប្បន្ននេះ ប្រទេសចិនបានក្លាយជាអង្គភាពសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោក។
បើប្រៀបធៀបនឹងរូបថតទាំងពីរនេះ អ្នកប្រើបណ្តាញអ៊ីនធឺណែតជាច្រើន មានចំណាប់អារម្មណ៍យ៉ាងខ្លាំង ពិភពលោកនៅតែមានសភាពការណ៍ ដែលប្រទេសធំធ្វើបាបប្រទេសតូច ប៉ុន្តែប្រទេសចិនលែងជាប្រទេស ដែលត្រូវបំពារបំពានដោយអ្នកដទៃនោះឡើយ។
ក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្រជាន់ខ្ពស់រវាងចិន និងអាមេរិកលើកនេះ ទង្វើនិងអាកប្បកិរិយារបស់អាមេរិក មិនសមស្របនឹងប្រទេសធំ ដែលមានសេចក្តីថ្លៃថ្នូរទាំងស្រុង។ ពេលថ្លែងសុន្ទរកថា ក្នុងពិធីបើកកិច្ចសន្ទនា អាមេរិកបានអូសបន្លាយពេលវេលាថ្លែងសុន្ទរកថា ថែមទាំងបានចោទប្រកាន់និងវាយប្រហារ គោលនយោបាយទាំងជាតិ និងអន្តរជាតិរបស់ចិនតែម្តង។
ប្រការនេះមិនសមស្របនឹងរបៀបរបបសម្រាប់ទទួលភ្ញៀវនិងពិធីការការទូត ហើយក៏បានសរឱ្យឃើញនូវអនុត្តរភាពរបស់អាមេរិកជាប់រហូតមកផងដែរ។ ប្រឈមនឹងការចោទប្រកាន់ដោយគ្មានហេតុផល និងអាកប្បកិរិយាអនុត្តរភាពរបស់អាមេរិក ភាគីចិនឆ្លើយតបតវិញដោយសមហេតុសមផល ដែលបានបង្ហាញឱ្យឃើញនូវការបេ្តជ្ញាចិត្ត និងឆន្ទៈយ៉ាងមុតមាំដើម្បីគាំពារអធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសជាតិ។
លោក Yang Jiechi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្តចិន និងជាប្រធានការិយាល័យ នៃគណៈកម្មការកិច្ចការទូតនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានឆ្លើយតបថា តៃវ៉ាន់ ហុងកុង និងស៊ីនជាំង សុទ្ធតែជាចំណែកមិនអាចកាត់ផ្តាច់បានរបស់ប្រទេសចិន។ ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះទង្វើរបស់អាមេរិក ដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។
អាមេរិកគ្មានសិទ្ធិនិយាយជាមួយចិន ដូចគ្រូបង្រៀនកូនសិស្សនោះទេ ដោយ «ប្រជាជនចិនមិនទទួលយកជាដាច់ខាត!»។
អ្នកដែលយកចិត្តទុកដាក់ចំពោះកិច្ចជំនួបលើកនេះ មិនត្រឹមតែជាប្រជាជនចិនប៉ុណ្ណោះទេ ពិភពលោកទាំងមូលសុទ្ធតែផ្តោតសំខាន់ទៅលើ ការប៉ះសំដីគ្នារវាងចិននិងអាមេរិកលើកនេះផងដែរ។
ប្រព័ន្ធសារព័ត៌មានអាមេរិក CNN បានវាយតម្លៃចំពោះកិច្ចជំនួបលើកនេះថា នេះជាការពន្លះគ្នាដ៏កម្រមាន។ ចិនបាននិងកំពុងចាត់ទុកខ្លួន ជាដៃគូប្រជែងមានឋានៈស្មើជាមួយអាមេរិក តែមិនមែនជាដៃគូសហការថ្នាក់ដំបូងនោះឡើយ។ រីឯកាសែតអាមេរិក New York Times បានរិះគន់លោកបៃដិនថា «ការសម្តែងអាកប្បកិរិយាដ៏រឹងចចេសចំពោះប្រទេសចិនគួរតែបញ្ចប់ហើយ» គឺដល់ពេលត្រូវចាត់វិធានការ ដើម្បីបង្វែរការថមថយចុះ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរវិញម្តង។
លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទសេរុស្ស៉ី បានបង្ហោះសារលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយកោតសរសើរចំពោះការឆ្លើយតបរបស់ប្រទេសចិនថា «ខណៈដែលអាមេរិកប៉ុនប៉ងមួលបង្កាច់ដៃគូដោយចេតនា ទង្វើបែបនេះ (ការឆ្លើយតបរបស់ចិន) ទើបជាវិធីសម្រាប់ទប់ទល់នឹងពួកគេដ៏ត្រឹមត្រូវ»។
ក្នុងបរិបទដែលជំងឺកូវីដ១៩ បាននិងកំពុងរីករាលដាលនៅទូទាំងពិភពលោក ក៏ដូចជាកើតមានបម្រែបម្រួលមិនដែលមាន ក្នុងមួយរយឆ្នាំកន្លងទៅ ការអភិវឌ្ឍដោយសន្តិភាព និងការធ្វើកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះ ជាគំនិតឯកភាពរួមនៃសហគមន៍អន្តរជាតិ។ ទ្វារសម្រាប់ធ្វើកិច្ចសន្ទនារបស់ប្រទេសចិននឹងបន្តបើកជាប់រហូត ប៉ុន្តែអាមេរិកចាំបាច់ត្រូវចេះគោរពគ្នាទៅវិញទៅមក និងមានស្មើភាព ហើយដើរស្របតាមទិសដៅជាមួយប្រទេសចិន ពីព្រោះយុគសម័យដែលអាមេរិក អាចលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងឆ្កាដៃឆ្កាជើងបានចប់ទៅហើយ៕