(ញូដេលី)៖ ទិន្នន័យចុងក្រោយដែលចេញផ្សាយ ដោយក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា ករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសបានកើនឡើងដល់ជាង ១១.៧៨លានករណីហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១។
ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក្រសួងសុខាភិបាលឥណ្ឌាបានរាយការណ៍ពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៥៣,៤៧៦ករណីបន្ថែមទៀត (ជាចំនួនករណីឆ្លងប្រចាំថ្ងៃច្រើនបំផុត នៅក្នុងឆ្នាំ២០២១នេះ) ដែលនាំឱ្យករណីឆ្លងសរុបនៅទូទាំងប្រទេសបានកើនឡើងដល់ ១១,៧៨៧,៥៣៤ករណី ខណៈអ្នកស្លាប់ថ្មីៗចំនួន ២៥១នាក់ក៏ត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅដូចគ្នា ដែលនាំឱ្យចំនួនអ្នកស្លាប់សរុប ក៏បានកើនឡើងដល់ ១៦០,៦៩២នាក់ផងដែរ។ ដោយឡែកអ្នកជំងឺសរុបចំនួន ១១,២៣១,៦៥០នាក់បានជាសះស្បើយឡើងវិញ។
គួរបញ្ជាក់ថា ប្រជាជនជាង ៥៣លាននាក់នៅប្រទេសឥណ្ឌា បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 រួចរាល់ហើយ គិតចាប់តាំងពីយុទ្ធនាការ ចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនៅទូទាំងប្រទេស បានចាប់ផ្តើមកាលពីថ្ងៃទី១៦ ខែមករាមកម៉្លេះ។
យោងតាមក្រុមប្រឹក្សាស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រឥណ្ឌា ហៅកាត់ ICMR គិតត្រឹមថ្ងៃពុធម្សិលមិញនេះ ប្រទេសឥណ្ឌាបានធ្វើពិនិត្យសំណាករកជំងឺ COVID-19 លើមនុស្សចំនួន ២៣៧,៥០៣,៨៨២នាក់នៅទូទាំងប្រទេស ក្នុងនោះមានសំណាកពីមនុស្សចំនួន ១,០៦៥,០២១នាក់ត្រូវបានធ្វើតេស្ត តែក្នុងថ្ងៃពុធម្សិលមិញនេះតែប៉ុណ្ណោះ៕