(រ៉ង់ហ្គូន)៖ ក្រុមប្រឹក្សាកូដកម្មទូទៅ (General Strike Council) ឬហៅកាត់ថា GSC កាលពីថ្ងៃអាទិត្យ ទី២៨ ខែមីនានេះបានចេញសេចក្ដីថ្លែងការណ៍មួយដោយ អំពាវឱ្យក្រុមប្រដាប់អាវុធជនជាតិដើមភាគតិចចំនួន១៦ ចេញមុខការពារក្រុមបាតុករប្រឆាំងរដ្ឋប្រហារ និងធ្វើសកម្មភាពប្រឆាំងរបបយោធាមីយ៉ាន់ម៉ា។
ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីបាតុករយ៉ាងហោច ១១៤នាក់ ត្រូវបានកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបាញ់សម្លាប់នៅទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ កន្លងទៅនេះ ដែលធ្វើឱ្យស្ថានការណ៍បច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ាកាន់តែស្មុគស្មាញឡើង។ នៅម្ខាង ក្រុមបាតុករនៅតែបន្តធ្វើបាតុកម្មតវ៉ា រីឯម្ខាងទៀតគឺ របបយោធាមីយ៉ាន់ម៉ា មិនញញើតដៃទាល់តែសោះក្នុងការបាញ់សម្លាប់ក្រុមបាតុករ។ បើតាមសមាគមជំនួយអ្នកទោសនយោបាយមីយ៉ាន់ម៉ា មនុស្សច្រើនជាង ៤៥៩នាក់ហើយត្រូវបានសម្លាប់ ចាប់តាំងពីមានរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អោង សាន ស៊ូជី កាលពីថ្ងៃទី០១ ខែកម្ភៈមក។
*មីយាន់ម៉ាពិតជាកំពុងធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិលមែនទេ?
ក្រោយការទម្លាក់រដ្ឋាភិបាលលោកស្រី ស៊ូជី ក្រុមសមាជិកសភាមួយចំនួននៃគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ LND ដែលរួចផុតពីការចាប់ខ្លួនបានបង្កើត រដ្ឋាភិបាលស្រមោលមួយឈ្មោះថា CRPH ដើម្បីគាំទ្រដល់ចលនាមិនសា្ដប់បង្គាប់ស៊ីវិល CDM និងអំពាវនាវឱ្យក្រុមជនជាតិដើមភាគតិចទាំងអស់នៅក្នុងប្រទេស រួបរួមគ្នាប្រឆាំងនឹងរបបយោធា សំដៅឆ្ពោះទៅរកការបង្កើតរដ្ឋាភិបាលថ្មីមួយដែលមានយោធាជាកម្មសិទ្ធិរបស់រដ្ឋ មិនមែនរដ្ឋជាកម្មសិទ្ធិផ្ដាច់មុខរបស់យោធា នោះទេ។ ការអំពាវនាវនេះប្រហែលជាមានន័យថា ថ្នាក់ដឹកនាំ «រដ្ឋាភិបាលស្រមោល» ដឹងខ្លួនយ៉ាងច្បាស់រួចទៅហើយថាការទាមទារតាមរយៈការធ្វើបាតុកម្ម តែមួយមុខ នឹងមិនអាចធ្វើឱ្យយោធាព្រមបោះបង់ចោលអំណាចនោះទេ។
លោក យ៉ដ សឺក (Yawd Serk) ជាប្រធានក្រុមប្រឹក្សាស្ដារឡើងវិញនៃរដ្ឋសានហៅកាត់ RCSS កាលពីថ្ងៃទី២៧ ខែមីនាបានចេញមុខព្រមានចំៗថាក្រុមប្រដាប់ អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ាទាំងអស់នឹងមិនឈរស្ងៀមដោយមិនធ្វើសកម្មភាពអ្វីសោះនោះឡើយ ប្រសិនបើកងកម្លាំងយោធាមីយ៉ាន់ម៉ានៅតែបន្តសម្លាប់ ក្រុមបាតុករ។ ការព្រមានបែបនេះធ្វើឡើងនៅចំពេលមានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ថាកងកម្លាំងប្រដាប់អាវុធជនជាតិដើមភាគតិចខ្លះចាប់ផ្ដើមប៉ះទង្គិចគ្នា ដោយអាវុធជាមួយយោធាមីយ៉ាន់ម៉ា។
ជាក់ស្ដែងកាលពីយប់ថ្ងៃសៅរ៍កន្លងទៅ យន្ដហោះចម្បាំងយោធាមីយ៉ាន់ម៉ាបានបើកការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋានជាច្រើនកន្លែងដែលជាកម្មសិទ្ធិរបស់កងកម្លាំងប្រដាប់អាវុធជនជាតិដើមភាគតិចសភាពជាតិការ៉ែន (Karen National Union) ឬហៅកាត់ថា (KNU) នៅក្នុងរដ្ឋការ៉ែន។ ការវាយប្រហានេះបាន បណ្ដាលឱ្យកងទ័ពការ៉ែន ២នាក់់ស្លាប់ ហើយបានបង្ខំឱ្យមនុស្ស ៣,០០០នាក់រត់ភៀសខ្លួនទៅកាន់ព្រំដែនថៃ។ មិនតែប៉ុណ្ណោះ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ការវាយប្រយុទ្ធគ្នារវាងយោធាមីយ៉ាន់ម៉ា ក៏បានផ្ទុះឡើងដែរជាមួយកងទ័ពជនជាតិដើមភាគតិច ឯករាជ្យ Kachin (Kachin Independence Army)។
តែទោះជាបែបនេះក្ដី គេពិតជាពិបាកស្រមៃណាស់ថាសង្រ្គាមស៊ីវិលទាំងស្រុង ឬទូទំាងប្រទេសអាចកើតឡើង។ ក្រុមប្រដាប់អាវុធជនជាតិដើមភាគតិចដែលតែងតែស្រមៃចង់បានឯករាជ្យពីរដ្ឋាភិបាលកណ្ដាលមីយ៉ាន់ម៉ា ប្រហែលជានឹងមិនលូកដៃពេញទំហឹងនៅក្នុងជម្លោះបច្ចុប្បន្នឡើយ ពីព្រោះពួកគេក៏មិនសូវចិត្ត លោកស្រី អោង សាន ស៊ូជីប៉ុន្មានដែរ។ ឬនិយាយឱ្យងាយសា្ដប់ពួកគេមើលឃើញថាជម្លោះសព្វថ្ងៃគឺជាជម្លោះដណ្ដើមអំណាចរវាងជនជាតិបាម៉ា (Bamar) ពោលគឺរវាងរដ្ឋាភិបាលលោកស្រី ស៊ូជី និងយោធាតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ប្រៀបធៀបកម្លាំងយោធាបច្ចុប្បន្ន ពួកគេក៏មិនមែនជាដៃគូរបស់យោធាមីយ៉ាន់ម៉ា ដែលមានចិន និងរុស្ស៊ីជាខ្នងបង្អែកនោះដែរ។
*មានវាសនាដូចមូអាំម៉ា ហ្គាដាហ្វី?
បេសកជនពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា លោក Dr. Sasa បានព្រមានកាលពីពេលថ្មីៗនេះថាបើសិនជាបាតុករនៅតែត្រូវបានសម្លាប់ កាន់តែច្រើនឡើង នោះសង្រ្គាមស៊ីវិលមួយអាចនឹងផ្ទុះឡើង ហើយមេដឹកនាំយោធាបច្ចុប្បន្នគឺលោក មីន អោង ហ្លេង អាចនឹងជួបជោគវាសនាដូចជា អតីតមេដឹកនាំលីប៊ី លោក មូអាំម៉ា ហ្គាដាហ្វី ដែលត្រូវបានក្រុមបាតុករចាប់ខ្លួន និងបាញ់សម្លាប់កាលពីខែតុលា ឆ្នាំ២០១១។
អ្នកជំនាញភូមិសាស្ត្រនបាយភាគច្រើនយល់ថារឿងបែបនេះនឹងមិនកើតឡើងនៅមីយ៉ាន់ម៉ានោះទេ។ ពីព្រោះមីយ៉ាន់ម៉ាមិនដូចជាលីប៊ីឡើយ។ មិនដូចគឺនៅត្រង់ថា មីយ៉ាន់ម៉ាមិនស្ថិតនៅក្រោមដែនឥទ្ធិពលទីតាំងភូមិសាស្ត្រនយោបាយរបស់សហរដ្ឋអាមេរិក ដូចជានៅមជ្ឈិមបូព៌ា ឬនៅអាហ្រ្វិកទេ។ ផ្ទុយទៅវិញមីយ៉ាន់ម៉ាស្ថិតនៅ ក្បែរចិន និងជាប្រទេសសមាជិកអាស៊ាន ព្រមទាំងមានរុស្ស៊ីជាខ្នងបង្អែកផងដែរ។ ទាំងរុស្ស៊ី និងចិនមុខជាប្រើសិទ្ធិវេតូជំទាស់ជាដាច់ខាតទៅនឹងការប្រើប្រាស់ កម្លាំងយោធា រីឯអាស៊ានក៏នឹងមិនបណ្ដោយឱ្យតំបន់របស់ពួកគេធ្លាក់ចូលក្នុងសង្រ្គាមដោយសារអន្តរាគមន៍យោធាពីបរទេសនោះដែរ។
រុស្ស៊ី ជាពិសេសគឺចិនតែម្ដងដែលជាអ្នកជិតខាងភូមិផងរបងតែមួយ បានចាត់ទុកថាមីយ៉ាន់ម៉ាជាតំបន់យុទ្ធសាស្ត្រដែលអាចជួយឱ្យពួកគេរក្សាឥទ្ធិពល និងទប់ស្កាត់ ការពង្រីកឥទ្ធិពលរបស់អាមេរិកនៅក្នុងតំបន់៕
ប្រភព៖ The Telegraph (ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១)