(បាងកក)៖ នៅថ្ងៃពុធនេះសកម្មជនថៃចំនួន ០៥នាក់ ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងបង្កអំពើហិង្សាលើ អគ្គមហេសីនៃព្រះមហាក្សត្រថៃ កំឡុងការធ្វើបាតុកម្មមួយកាលពីឆ្នាំមុន នៅពេលដែលក្បួនព្រះទីនាំងរបស់ទ្រង់ បានធ្វើដំណើរឆ្លងកាត់ក្បួនបាតុករ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១។
មេធាវីរបស់ក្រុមសកម្មជនខាងលើបានឲ្យដឹងថា ព្រះរាជអាជ្ញាថៃបានចោទប្រកាន់ជាផ្លូវការ ចំពោះអ្នកទាំង ០៥នាក់ នៅក្រោមច្បាប់មួយដែលអាចឲ្យពួកគេ ជាប់ពន្ធនាគារតិចបំផុត ១៦ឆ្នាំ សម្រាប់ការបង្កហិង្សា ឬព្យាយាមបង្កហិង្សា លើព្រះអគ្គមហេសី និងព្រះរាជទាយាទនៃប្រទេសថៃ។ ឆ្លើយតបចំពោះការចោទប្រកាន់ ក្រុមសកម្មជនបានបន្តអះអាងថា ពួកគេពុំមានបំណង ឬប៉ុនប៉ងធ្វើយ៉ាងដូច្នោះឡើយ។
គួរបញ្ជាក់ថា ការបង្កបទល្មើសធ្ងន់ធ្ងរខ្លាំង ចំពោះច្បាប់ខាងលើនេះ អាចធ្វើឲ្យជនត្រូវចោទ ប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិត ឬឈានដល់ប្រហារជីវិតបាន ប្រសិនបើសកម្មភាពនេះ បង្កការគំរាមកំហែងដល់អាយុជីវិតរបស់ព្រះអគ្គមហេសី ព្រះរាជទាយាទ ឬព្រះរាជានុសិទ្ធ។ សំណុំរឿងនេះគឺពាក់ព័ន្ធទៅនឹងហេតុការណ៍មួយ កំឡុងភាពតានតឹងខ្លាំង នៃចលនាបាតុកម្មប្រឆាំងរដ្ឋាភិបាល ដែលនៅពេលនោះក្បួនព្រះទីនាំងរបស់អគ្គមហេសី សុធីតា (Suthida) បានដង្ហែរឆ្លងកាត់ក្រុមបាតុករមួយ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០៕