(បរទេស)៖ លទ្ធផលធ្វើតេស្តលើក្មេងៗអាយុចាប់ពី ១២-១៥ឆ្នាំ ដោយក្រុមហ៊ុន Pfizer-BioNTech នៅសហរដ្ឋអាមេរិកបានបង្ហាញថា វ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក-អាល្លឺង់មួយនេះ មានប្រសិទ្ធភាពរហូតដល់ទៅ ១០០%តែម្តង ប្រឆាំងនឹងវីរុសកូរ៉ូណា (COVID-19)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នៅមុននេះបន្តិច នាល្ងាចថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១។
លទ្ធផលខាងលើនេះត្រូវបានបញ្ចេញ ក្រោយការធ្វើតេស្តដំណាក់កាលទី ៣ (Phase 3) ដែលមានក្មេងៗស្ថិតក្នុងក្រុមអាយុខាងលើនេះ ចូលរួមរហូតដល់ទៅ ២,២៦០នាក់ នៅក្នុងសហរដ្ឋអាមេរិកផ្ទាល់។ សេចក្តីថ្លែងការណ៍ពីក្រុមហ៊ុន Pfizer-BioNTech បានបញ្ជាក់ច្បាស់ៗតែម្តងថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាព «១០០%» ជួយជំរុញប្រព័ន្ធភាពសុំាការពារក្មេងៗទាំងនោះ មិនឲ្យឆ្លងវីរុសកូរ៉ូណា (COVID-19) ឡើយ។
នាយកប្រតិបត្តិក្រុមហ៊ុន Pfizer លោក អាល់ប៊ឺត បួរឡា (Albert Bourla) បានថ្លែងក្នុងឱកាសដ៏គួរឲ្យរីករាយនេះថា «យើងកំពុងតែរៀបចំទិន្នន័យទាំងអស់នេះ ដើម្បីបញ្ជូនទៅកាន់និយ័តករឱសថ និងចំណីអាហារអាមេរិក (FDA) ដើម្បីអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងនេះ ក្នុងករណីបន្ទាន់នៅសហរដ្ឋអាមេរិក ហើយយើងក៏នឹងបញ្ជូនការស្នើសុំនេះ ទៅកាន់និយ័តករទូទាំងពិភពលោកផងដែរ ដោយស្ថិតក្នុងក្តីសង្ឃឹមថា នឹងអាចចាប់ផ្តើមការចាក់វ៉ាក់សាំង ដល់ក្រុមមនុស្សអាយុនោះ (១២-១៥ឆ្នាំ) ឲ្យបានមុនការចូលរៀននៅឆ្នាំក្រោយ»។
សម្រាប់នាយកប្រតិបត្តិក្រុមហ៊ុន BioNTech នៅអាល្លឺម៉ង់វិញបាននិយាយថា លទ្ធផលខាងលើនេះ ពិតជាបង្ហាញអំពីការការពារកម្រិតខ្ពស់ ចំពោះក្មេងៗស្ថិតក្នុងក្រុមអាយុខាងលើ ហើយក្រុមហ៊ុនក៏ជំរុញប្រទេសនានា អនុម័តឲ្យប្រើវ៉ាក់សាំងនេះ ចំពោះមុខការរាតត្បាតនៃវីរុស COVID-19 បំប្លែងខ្លួនថ្មី B.1.1.7 ដែលមានប្រភពដើមពីចក្រភពអង់គ្លេស។
គួរបញ្ជាក់ថា វ៉ាក់សាំង Pfizer-BioNTech ខាងលើនេះត្រូវបានអនុម័ត ដោយបណ្តាប្រទេសលោកខាងលិច ជាបន្តបន្ទាប់តាំងតែពីចុងឆ្នាំ២០២០មកម្ល៉េះ ដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានអនុម័តឲ្យប្រើទៅលើមនុស្ស ដែលមានវ័យចាប់ពី ១៦ឆ្នាំឡើងទៅ។ ក្រុមហ៊ុន BioNTech អាល្លឺម៉ង់ បានថ្លែងកាលពីថ្ងៃអង្គារថា ខ្លួនមានបំណងផលិតវ៉ាក់សាំងនេះ ឲ្យបានរហូតដល់ ២.៤ពាន់លានដូស នៅក្នុងឆ្នាំ២០២១នេះតែម្តង៕