(បាងកក)៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសថៃ (CAAT) បានទាមទារវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ៤០,០០០ដូសសម្រាប់ផ្ដល់ការចាក់ជូនដល់បុគ្គលិកអាកាសចរណ៍ប្រមាណ ២០,០០០នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១។
នាយកទីភ្នាក់ងារ CAAT លោក Suttipong Kongpool បានគូសបញ្ជាក់នៅថ្ងៃពុធនេះថា ទីភ្នាក់ងារនេះបានធ្វើការអំពាវនាវរួចហើយដល់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) ដើម្បីទទួលបាននូវវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ៤០,០០០ដូស សម្រាប់ផ្ដល់ការចាក់ជូនដល់ប្រជាជនដែលកំពុងធ្វើការនៅក្នុងឧស្សាហកម្មអាកាសចរណ៍របស់ប្រទេសនេះ។
អ្នកបើកយន្តហោះ សមាជិកនាវិក ក៏ដូចជាមន្រ្តីអាកាសយានដ្ឋាន និងនិយោជិកនានា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកដំណើរបរទេសដែលអាចមកទស្សនាតំបន់ទេសចរណ៍ល្បីៗមួយចំនួននៅក្នុងប្រទេសថៃ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ចាប់ពីខែកក្កដាខាងមុខនេះតទៅ។
គោលដៅតំបន់ទេសចរណ៍ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 រួចរាល់ហើយ មកចូលទស្សនាបាន បន្ទាប់ពីឆ្លងកាត់ការធ្វើចត្តាឡីស័ករយៈពេល ០៧ថ្ងៃនៅពេលមកដល់ប្រទេសថៃចាប់ពីថ្ងៃទី០១ ខែមេសាខាងមុខនេះ រួមមានកោះសាមុយ (Koh Samui), ខេត្តភូកេត (Phuket), ខេត្តក្រាប៊ី (Krabi), ខេត្តផាងង៉ា (Phang Nga), ទីក្រុងប៉ាតតាយ៉ា (Pattaya) និងទីក្រុងឈៀងម៉ៃ (Chiang Mai)។
គួរបញ្ជាក់ថា ភ្ញៀវទេសចរបរទេសដែលទទួលបានការចាក់វ៉ាក់សាំងរួចរាល់ហើយ នឹងអនុញ្ញាតឱ្យធ្វើដំណើរចូលមកទស្សនាខេត្ត Phuket ចាប់ពីថ្ងៃទី០១ ខែកក្កដាខាងមុខនេះ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក៕