(ប៉េកាំង)៖ អ្នកជំនាញជាន់ខ្ពស់មួយរូបបាននិយាយនៅថ្ងៃពុធនេះថា ការសន្មតថាប្រទេសចិនមិនបានផ្តល់ទិន្នន័យដើម ឬមិនគ្រប់គ្រាន់សម្រាប់ការសិក្សាអំពីប្រភពដើមនៃវីរុសកូរ៉ូណា គឺមិនអាចទទួលយកបានឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១។
លោក Liang Wannian ប្រធានក្រុមមកពីភាគីចិន នៃក្រុមរួមរបស់អង្គការសុខភាពពិភពលោក និងចិនដែលសិក្សាពីប្រភពដើមនៃជំងឺ COVID-19 បានលើកឡើងថា អ្នកជំនាញចិននិងបរទេសបានធ្វើការស្រាវជ្រាវ និងវិភាគជាបន្តបន្ទាប់ជាមួយគ្នានៅវូហាន ហើយមិនមានភាពខុសគ្នារវាងព័ត៌មាន ដែលបានផ្តល់ដោយអ្នកជំនាញចិន និងអ្នកជំនាញបរទេសនោះទេ។
លោក Liang បានសង្កត់ធ្ងន់ថា អ្នកជំនាញចិននិងបរទេសបាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធក្នុងកិច្ចស្រាវជ្រាវរកប្រភពដើមនៃវីរុស។ លោកបន្ថែមថា «យោងទៅតាមច្បាប់ចិន ទិន្នន័យមួយចំនួនមិនអនុញ្ញាតឲ្យគេយកទៅ ឬថតរូបបានទេ»។
ទាក់ទងទៅនឹងការពន្យាពេលក្នុងការចុះផ្សាយនៃលទ្ធផលស៊ើបអង្កេត លោក Liang បាននិយាយថា របាយការណ៍អាចត្រូវបានផ្សព្វផ្សាយបាន ទាល់តែភាគីទាំងពីរនៃក្រុមជំនាញមានការព្រមព្រៀងគ្នា។
គួរបញ្ជាក់ថា ការលើកឡើងបែបនេះធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសសម្ព័នមិត្តបាបង្ហាញការមិនពេញចិត្តចំពោះរបាយការណ៍លទ្ធផលនៃការស៊ើបអង្កេតរបស់អង្គការសុខភាពពិភពលោកដែលថា ប្រភពដើមនៃជំងឺ COVID-19 ទំនងជាការឆ្លងពីសត្វប្រចៀវមកមនុស្សតាមរយៈសត្វមួយប្រភេទទៀត។ ព្រមទាំងបានរិះគន់ថា ចិនបានផ្តល់ព័ត៌មានគ្រប់គ្រាន់សម្រាប់បេសកកម្មមួយនេះ៕