(ញូយ៉ក)៖ បេសកជនពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា នៅថ្ងៃពុធសប្ដាហ៍នេះបានទទូចជាថ្មី ឱ្យក្រុមប្រឹក្សាសន្តិសុខធ្វើសកម្មភាពជាបន្ទាន់ ដើម្បីដោះស្រាយវិបត្តិនៅក្នុងប្រទេសអាស៊ីអាគេ្នយ៍មួយនេះ ដោយព្រមានពីហានិភ័យនៃសង្រ្គាមស៊ីវិល ខណៈយោធាមីយ៉ាន់ម៉ា នៅតែធ្វើការបង្រ្កាបយ៉ាងហិង្សាលើក្រុមបាតុករ និងបន្តប៉ះទង្គិចដោយអាវុធជាមួយ កងកម្លាំងប្រដាប់អាវុធជនជាតិដើមភាគតិច។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា ឆ្នាំ២០២១។
ការអំពាវនាវខាងលើរបស់លោកស្រី គ្រីស្ទីន ស្ក្រាណឺ ប៊ឺជែណឺ (Christine Schraner Burgener) ធ្វើឡើងនៅក្នុងកិច្ចប្រជុំបិទទ្វារ ហើយត្រូវបានដកស្រង់សម្ដីដោយ ទីភ្នាក់ងារព័ត៌មាន AFP។ លោកស្រី Christine បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំទទូចឱ្យក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ពិចារណាលើជម្រើសទាំងឡាយដែលអាចធ្វើទៅបាន ដើម្បីធ្វើសកម្មភាពការពារ កុំឱ្យគ្រោះមហន្តរាយទ្រង់ទ្រាយធំកើតឡើង»។ លោកស្រីបានបន្ថែមថា ទ្វារចរចានៅតែបើកចំហចំពោះយោធាមីយ៉ាន់ម៉ា ប៉ុន្តែប្រសិនបើគ្រប់គ្នាត្រូវរង់ចាំ រហូតទាល់តែយោធាត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចចរចា នោះស្ថានការណ៍បច្ចុប្បន្ននឹងកាន់តែអាក្រក់ឡើង ឬអាចនឹងក្លាយជាសង្រ្គាមស៊ីវិលបង្ហូរឈាម ក្នុងពេលឆាប់ៗក៏ថាបាន។
នៅថ្ងៃពុធសប្ដាហ៍នេះដែរ យោធាមីយ៉ាន់ម៉ាបានប្រកាសពីការអនុវត្ត បទឈប់បាញ់រយៈពេលមួយខែជាមួយ កងកម្លាំងប្រដាប់អាវុធជនជាតិដើមភាគតិច តែមិនមែនអនុវត្ត លើក្រុមបាតុករនោះទេ។ ទោះជាយ៉ាងណាក៏ដោយ កងកម្លាំងប្រដាប់អាវុធការ៉ែន (Karen) និងកាជីន (Kachin) បានប្រកាសជាមុនថា ប្រសិនបើយោធានៅតែបន្តបាញ់សម្លាប់ជនស៊ីវិល ពួកគេគ្មានហេតុផលអ្វីត្រូវអនុវត្តបទឈប់បាញ់ជាឯកតោភាគី ជាមួយនឹងយោធានោះឡើយ៕