(ប៉ារីស)៖ ប្រធានាធិបតីបារាំងលោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) នៅថ្ងៃពុធសប្ដាហ៍នេះ បានបញ្ជាឱ្យប្រទេសបារាំងដាក់ចេញនូវវិធានការបិទទ្វារ (lockdown) នៅទូទាំងប្រទេសលើកទី ៣របស់ខ្លួន និងបាននិយាយថា សាលារៀន នឹងត្រូវបិទទ្វាររយៈពេល ០៣សប្តាហ៍ ខណៈបារាំងកំពុងព្យាយាមប្រយុទ្ធប្រឆាំងរលកទី ៣ នៃការឆ្លងរាតត្បាតជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ០១ ខែមេសា ឆ្នាំ២០២១។
ចំពោះមុខចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 ជិត ១០០,០០០នាក់, ប្រព័ន្ធថែទាំនៅក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុត, ព្រមទាំងការចាក់វ៉ាក់សាំង ដែលមានភាពយឺតយាវជាងការគ្រោងទុកនោះ លោកប្រធានាធិបតីបារាំង Macron ត្រូវបានបង្ខំឱ្យបោះបង់ចោលគោលដៅរបស់ខ្លួន ដែលចង់រក្សាប្រទេសឲ្យបើកចំហ ដើម្បីការពារសេដ្ឋកិច្ច។ លោកប្រធានាធិបតី Macron បានថ្លែងទៅកាន់ប្រជាជាតិលោកថា «យើងនឹងបាត់បង់ការគ្រប់គ្រង ប្រសិនបើយើងមិនផ្លាស់ប្តូរនាពេលឥឡូវនេះទេ»។
ការប្រកាសរបស់លោកប្រធានាធិបតីបារាំងខាងលើនេះ បានកើតមានឡើងបន្ទាប់ពីវិធានការរឹតត្បិត ត្រូវបានដាក់ចេញរួចទៅហើយកាលពីជាង ១សប្តាហ៍មុននៅទីក្រុងប៉ារីស និងតំបន់ភាគខាងជើង និងភាគខាងត្បូងនៃប្រទេស។ ប៉ុន្តែនាពេលឥឡូវនេះ វានឹងត្រូវអនុវត្តនៅទូទាំងប្រទេស យ៉ាងហោចណាស់រយៈពេល ០១ខែចាប់ពីថ្ងៃសៅរ៍សប្ដាហ៍នេះតទៅ ហើយសាលារៀនក៏នឹងត្រូវបិទទ្វាររយៈពេល ០៣សប្តាហ៍ចាប់ពីចុងសប្តាហ៍នេះតទៅដូចគ្នា។
បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសបារាំង បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង ៤,៦០០,០០០ករណី ក្នុងនោះមានអ្នកស្លាប់ជាង ៩៥,០០០នាក់ និងចំនួនអ្នកជាសះស្បើយ មិនទាន់មានការបញ្ជាក់ឲ្យបានច្បាស់លាស់ឡើយ៕