(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) កាលពីថ្ងៃអាទិត្យម្សិលមិញ បានស្នើឲ្យសហរដ្ឋអាមេរិក ផ្តល់ការគោរពឲ្យបានពិតប្រាកដ ចំពោះផលប្រយោជន៍ស្នូលរបស់ចិន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១។

លោករដ្ឋមន្រ្តីការបរទេសចិន បានធ្វើការទទូចបែបនេះ ក្រោយមានការសួរសំណួរ ពីសំណាក់ក្រុមអ្នកសារព័ត៌មាន អំពីទំនាក់ទំនងចិន-អាមេរិក បន្ទាប់ពីការបើកកិច្ចប្រជុំជាមួយ ក្រុមរដ្ឋមន្រ្តីការបរទេសមកពីសិង្ហបុរី ម៉ាឡេស៉ី ឥណ្ឌូណេស៉ី ហ្វីលីពីន និងកូរ៉េខាងត្បូង នៅខេត្តហ្វូចៀន (Fujian) នៃប្រទេសចិន។

បើតាមលោក Wang បណ្តារដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងប៉ុន្មានខាងលើ យល់ឃើញថា ប្រទេសចិន និងសហរដ្ឋអាមេរិកគួរបង្កើតកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការឲ្យបានច្រើន ជាជាងការប្រឈមមុខដាក់គ្នា ហើយបំពេញកាតព្វកិច្ចខ្លួនក្នុងនាមជាប្រទេសមហាអំណាច។ លោក Wang បានសង្កត់ធ្ងន់ថា ចិនស្ម័គ្រចិត្តជានិច្ចដើម្បីឆ្លើយតបចំពោះក្តីរំពឹងទាំងពីរ ហើយនឹងបន្តប្រឹងប្រែងឲ្យអស់ពីលទ្ធភាព។

លោក Wang បានបញ្ជាក់ថា គោលជំហរចិននៅតែមិនផ្លាស់ប្តូរ និងច្បាស់លាស់ជានិច្ច គឺចិនស្វាគមន៍ចំពោះការបង្កើតកិច្ចសន្ទនា ការបង្កើតកិច្ចសហប្រតិបត្តិការ ដោយឈរលើមូលដ្ឋានស្មើភាព និងគោរពគ្នាទៅវិញទៅមក ហើយចិនមិនយល់ស្របដាច់ខាត ចំពោះការប្រកាន់ឥរិយាបថ «ដូចមានតែឯងខ្លាំងជាងគេលើលោក» និងមិនទទួលយកឡើយចំពោះការដែលប្រទេសតែមួយ អាចមានសិទ្ធិសម្រេចចុងក្រោយ ក្នុងកិច្ចការងារពិភពលោក។

ជាចុងក្រោយលោករដ្ឋមន្រ្តីការបរទេសចិន បានទទូចឲ្យអាមេរិកឆ្លើយតប ចំពោះក្តីរំពឹងរបស់បណ្តាប្រទេសនៅតាមតំបន់ និងសហគមន៍អន្តរជាតិ ដោយធ្វើការជាមួយចិន ដើម្បីបង្ហាញឲ្យពិភពលោកបានឃើញ ពីទង្វើដែលមហាអំណាចពិតប្រាកដ គួរតែធ្វើរួមគ្នារក្សាសន្តិភាព ស្ថិរភាព ព្រមទាំងការអភិវឌ្ឍតាមតំបន់ និងលើពិភពលោកទាំងមូល៕