(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃចន្ទនេះបានរាយការណ៍ពីការរកឃើញនូវករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៩៤ករណីបន្ថែមទៀត ដែលករណីភាគច្រើនត្រូវបានរកឃើញនៅក្នុងពន្ធនាគារមួយនៅខេត្តណារ៉ាធីវ៉ាត (Narathiwat) ភាគខាងត្បូង និងកន្លែងកម្សាន្តពេលរាត្រីនៅតាមបណ្ដាខេត្តមួយចំនួនទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១។

ជំនួួយការអ្នកនាំពាក្យ CCSA លោកស្រី អភិសាម៉ៃ ស្រីរាំងសុន (Apisamai Srirangson) បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១៨២ករណី ជាករណីឆ្លងក្នុងស្រុក និង ១២ករណីទៀត ជាករណីនាំចូលពីក្រៅប្រទេស។ រីឯក្នុងចំណោមករណីឆ្លងក្នុងស្រុកទាំង ១៨២ករណីខាងលើនេះ មាន ៩៤ករណីត្រូវបានរកឃើញនៅក្នុងពន្ធនាគារ Narathiwat និង ៧១ករណីត្រូវបានរកឃើញនៅតាមកន្លែងកម្សាន្តពេលរាត្រីមួយចំនួន រួមមានបារភោជនីយដ្ឋាន និងខារ៉ាអូខេដែលស្ថិតនៅតំបន់ Thong Lor និង Ekkamai នៃទីក្រុងបាងកក និងខេត្តផ្សេងទៀតផងដែរ ខណៈករណីដែលនៅសេសសល់ ត្រូវបានរកឃើញនៅតាមបណ្ដាខេត្តមួយចំនួនទៀត។

លោកស្រី Apisamai បានគូសបញ្ជាក់ថា ជុំវិញបញ្ហានេះ អាជ្ញាធរ អាចបង្កើនការរឹតត្បឹតបន្ថែម ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺឆ្លងដ៏កាចសាហាវនេះ ដូចជាការបិទជាបណ្តោះអាសន្ននូវកន្លែងកម្សាន្តមួយចំនួន ឬតំបន់ទាំងមូលដែលមានកន្លែងកម្សាន្តជាច្រើនស្ថិតនៅ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសថៃកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២៩,៣២១ករណី ក្នុងនោះមានអ្នកស្លាប់ ៩៥នាក់ និងអ្នកជាសះស្បើយឡើងវិញ ២៧,៨៤០នាក់៕