(ញូដេលី)៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់ដូសទី២ហើយ ខណៈប្រទេសនេះ ឈានដល់ចំណុចកំពូលមួយទៀត នៅថ្ងៃព្រហស្បតិ៍នេះ ដោយបានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗចំនួន ១២៦,៧៨៩ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១។
លោក Narendra Modi បានបង្ហោះសារនៅលើគណនីបណ្ដាញសង្គម Twitter របស់លោកថា «ការចាក់វ៉ាក់សាំង គឺស្ថិតក្នុងចំណោមវិធីមួយចំនួនដែលយើងមាន ដើម្បីកម្ចាត់ជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ។ ប្រសិនបើអ្នកមានសិទ្ធិទទួលការចាក់វ៉ាក់សាំង សូមមកទទួលការចាក់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ លោក Narendra Modi បានទទួលការចាក់វ៉ាក់សាំងសម្រាប់ដូសដំបូងរបស់លោក កាលពីថ្ងៃទី០១ ខែមីនា។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួនកាលពីខែមករា។ រហូតមកដល់ពេលនេះ ក្រុមបុគ្គលិកសុខាភិបាល និងជនជាតិឥណ្ឌាដែលមានអាយុលើសពី៤៥ឆ្នាំ សរុបជាង ៩០លាននាក់ហើយ បានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ សម្រាប់ដូសដំបូងរបស់ពួកគេរួចរាល់ហើយ ប៉ុន្តែមានតែ ១១លាននាក់ប៉ុណ្ណោះក្នុងចំណោមពួកគេ ដែលបានទទួលការចាក់វ៉ាក់សាំងសម្រាប់ដូសទី២ ខណៈប្រទេសឥណ្ឌា កំពុងព្យាយាមកសាងភាពស៊ាំជារួម ដើម្បីការពារប្រជាជនជិត ១.៤ពាន់លាននាក់របស់ខ្លួន៕