(តូក្យូ)៖ ទំនាក់ទំនងរវាងចិន និងរុស្ស៊ីនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះកាន់តែមានភាពផ្អែមល្ហែមនឹងគ្នាឈានដល់ដំណាក់កាលថ្មីមួយ រហូតដល់លេចចេញនូវ សញ្ញាដែលធ្វើឱ្យក្រុមអ្នកជំនាញខ្លះយល់ថាអ្នកជិតខាងទាំង២នេះកំពុងចាប់ផ្ដើមបង្កើតបក្សសម្ព័ន្ធ ឬប្លុកផ្ទាល់ខ្លួនមួយដើម្បីទប់ទល់ជាមួយបណ្ដាប្រទេសលោកខាងលិច ដឹកនាំដោយសហរដ្ឋអាមេរិក។

នៅក្នុងជំនួបកាលពីថ្ងៃទី២២ ខែមីនាកន្លងទៅ នៅឯទីក្រុងហ្គូលីង (Guilin) ក្នុងតំបន់ស្វយ័តគ័ងហ្ស៊ី ហ្ស័ង (Guangxi Zhuang) នៃប្រទេសចិន រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡារ៉ូវ (Sergey Lavrov) បានបង្ហាញពីគោលជំហររួមដោយរិះគន់យ៉ាងខ្លាំងលើបណ្ដាប្រទេស លោកខាងលិច ហើយថាសហរដ្ឋអាមេរិកមិនគួរបង្កើតបក្សសម្ព័ន្ធ ឬប្លុកដើម្បីគំរាមកំហែងប្រទេសដទៃនោះទេ។ ប្រមុខការទូតនៃប្រទេសទាំង២ក៏បានសង្កត់ធ្ងន់ដែរថានៅលើលោកនេះ វាគ្មានឡើយគំរូស្ដង់ដារប្រជាជាធិបតេយ្យតែមួយ ដោយប្រទេសទាំងអស់មានសិទិ្ធជ្រើសរើសគំរូប្រជាធិបតេយ្យផ្ទាល់ខ្លួនរបស់ពួកគេ។

ជំនួបរវាងលោក វ៉ាង យី និងលោក សឺហ្គៃ ឡារ៉ូវ ធ្វើឡើងក្នុងថ្ងៃតែមួយដែលបណ្ដាប្រទេសអឺរ៉ុប និងសហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មថ្មីលើចិនជុំវិញបញ្ហា ទីក្រុងហុងកុង និងតំបន់ស៊ីនជាំង ខណៈរុស្ស៊ីក៏កំពុងជាប់ទណ្ឌកម្មរបស់អឺរ៉ុប និងអាមេរិកដូចគ្នា។ តែផ្ទុយទៅវិញទណ្ឌកម្មទាំងនេះបែរជាធ្វើឱ្យចិន និងរុស្ស៊ីកាន់តែ ផ្អែមល្ហែមនឹងគ្នាទៅវិញ។

*បង្កើតបក្សសម្ព័ន្ធផ្ទាល់ខ្លួន?

កាសែតរដ្ឋចិន Global Times កាលពីពេលថ្មីៗនេះបានចេញផ្សាយបទវិចារណកថាមួយដោយសង្កត់ធ្ងន់ថាគ្មានប្រទេសណាមួយនៅក្នុងតំបន់អាចឈរតែម្នាក់ឯងប្រឆាំងនឹងចិន ឬរុស្ស៊ីបានឡើយ ហើយក៏គ្មានប្រទេសណាមួយអាចទប់ទល់ជាមួយមហាអំណាច២ ក្នុងពេលតែមួយនោះដែរ។ កាសែតរដ្ឋចិននេះថែមទាំងបញ្ជាក់ថាចិន និងរុស្ស៊ីអាចប្រឈមមុខនឹងជាមួយ Quad បានទៀតផង។ Quad គឺជាក្រុមប្រទេសនៃកិច្ចប្រជុំសន្តិសុខចតុភាគីមានសហរដ្ឋអាមេរិក, ជប៉ុន, អូស្ត្រាលី និងឥណ្ឌា។

តាមរយៈបទវិចារណកថារបស់ Global Times អាចឱ្យគេសន្និដ្ឋានបានថាចិននឹងមានអារម្មណ៍កាន់តែមានសន្តិសុខជាងមុន បើមានមហាអំណាចយោធាដូចជារុស្ស៊ី ឈរនៅខាងខ្លួន។ ជុំវិញគំនិតបង្កើតបក្សសម្ព័ន្ធយោធាជាមួយចិននេះដែរ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនធ្លាប់បានលើកឡើងកាលពីខែតុលា ឆ្នាំ២០២០ថា «ជាលក្ខណៈទ្រឹស្តី វាអាចទៅរួចយ៉ាងពិតប្រាកដ»

តាមការពិតទៅបើគេនិយាយពីទំនាក់ទំនងរវាងចិន និងរុស្ស៊ី នៅក្នុងតំបន់អាស៊ី ជាពិសេសអាស៊ីកណ្ដាល យក្សធំទាំង២នេះមានការខ្វែងគំនិតគ្នាច្រើនជាងត្រូវរ៉ូវគ្នា។ ម្ខាងរុស្ស៊ីបារម្ភខ្លាចក្រែងការកើនឡើងនៃឥទ្ធិពលរបស់ចិនអាចនឹងបន្សាបឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ រីម្ខាងទៀតគឺចិនក៏មិនសូវជាសប្បាយចិត្តនឹងរុស្ស៊ីនោះដែរ ដ្បិតទីក្រុងម៉ូស្គូជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំឱ្យឥណ្ឌា ដែលជាគូសត្រូវរបស់ចិនក្នុងសំណុំរឿងជម្លោះព្រំដែន។

តែទោះជាយ៉ាងនេះក្ដី អ្នកនយោបាយភាគច្រើនយល់ថាគ្មានប្រទេសណាមួយគួរតែយកប្រទេសមួយផ្សេងទៀតធ្វើជាសត្រូវនឹងគ្នារហូតនោះទេ។ ត្រង់ចំណុចនេះគេអាច និយាយបានថា៖ «សត្រូវរបស់សត្រូវខ្ញុំ គឺជាមិត្តរបស់ខ្ញុំ»។ ទាំងរុស្ស៊ី និងចិនសុទ្ធតែកំពុងជាប់ទណ្ឌកម្មរបស់អាមេរិក និងអឺរ៉ុប ហើយកំពុងព្រួយបារម្ភដូចគ្នាពីការបង្កើន វត្តមានយោធារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។ ដូច្នេះឈរលើផលប្រយោជន៍រួម មានសត្រូវរួម និងដោយមានប្រព័ន្ធនយោបាយដឹកនាំផ្ដាច់ការ ក៏ដូចជាប្រព័ន្ធ សេដ្ឋកិច្ចផែនការស្រដៀងគ្នា ហើយមិនចូលចិត្តប្រព័ន្ធដឹកនាំប្រជាធិបតេយ្យលោកខាងលិចផងនោះ ចិន និងរុស្ស៊ីអាចនឹងចាប់ដៃគ្នាឧ្ទប់ឥទ្ធិពលអាមេរិកបើសិនជា ជម្លោះនៅក្នុងតំបន់ផ្ទុះឡើងនៅថ្ងៃណាមួយដោយចៀសមិនរួច។

*តើនរណាត្រូវការនរណាជាង?

ទំហំពាណិជ្ជកម្មរវាងចិន និងរុស្ស៊ីបានកើនឡើងពី១០ភាគរយ កាលពីឆ្នាំ២០១៣ ដល់១៨ភាគរយ កាលពីឆ្នាំ២០២០ បើទោះជាតម្លៃប្រេងធ្លាក់ចុះដោយសារការឆ្លង រាតត្បាត COVID-19 ក៏ដោយ។ ចិន បច្ចុប្បន្នគឺជាទីផ្សារដ៏ធំបំផុតសម្រាប់ទំនិញរុស្ស៊ី ដែលអាចជួយសម្រាលបន្ទុករុស្ស៊ីពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងអឺរ៉ុប បានមួយផ្នែកដែរ។

និយាយពីវិស័យយោធាវិញគឺឈរនៅលេខរៀងទី២ បន្ទាប់ពីពាណិជ្ជកម្ម។ កងទ័ពរំដោះប្រជាជនចិន (PLA) បានចូលរួមជាលើកដំបូងក្នុងការធ្វើ សមយុទ្ធយោធារួមគ្នា ជាមួយកងទ័ពរុស្ស៊ីកាលពីឆ្នាំ២០១៨។ ចាប់ពីនោះមកដែរ រុស្ស៊ីតែងតែអញ្ជើញចិនឱ្យចូលរួមជានិច្ច។ នៅក្នុងឆ្នាំ២០២១នេះ សមយុទ្ធយោធារវាងប្រទេសទាំង២នឹងត្រូវ ធ្វើឡើងនៅក្នុងតំបន់ភូមិភាគខាងលិចរបស់រុស្ស៊ីដែលមានព្រំដែនជាប់អឺរ៉ុប។ បើសិនជាចិនចូលរួមមែន នោះវានឹងបង្កការខឹងសម្បារដល់អឺរ៉ុប ហើយទន្ទឹមគ្នាវាក៏បង្ហាញ ដែរថាចិន និងរុស្ស៊ីកំពុងពង្រឹងសម្ព័ន្ធភាពយោធា។

ទាំងចិន និងរុស្ស៊ីសុទ្ធតែត្រូវការគា្នទៅវិញទៅមក។ ដោយមានជំនួយពីរុស្ស៊ី ចិននឹងកាន់តែខ្លាំងក្លា ហើយបើគ្មានរុស្ស៊ីវិញ ចិនគ្រាន់តែជាប្រទេសមួយដែលគ្មានសម្ព័ន្ធមិត្ត ជាមហាអំណាចតែប៉ុណ្ណោះ។ ចំណែកឯ រុស្ស៊ីវិញត្រូវការចិន ព្រោះចិនអាចជួយសម្រាលបន្ទុកសេដ្ឋកិច្ច ឬកាត់បន្ថយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដែលបង្កឡើងទណ្ឌកម្ម លោកខាងលិច៕

ប្រភព៖ Nikkei និង CSIS (Center for Strategic and International Studies), ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១