(ហ្សាការតា)៖ នាវាពីរគ្រឿងរបស់កងទ័ពជើងទឹកឥណ្ឌូណេស៊ី បានដឹកនាំជំនួយយកទៅកាន់តំបន់រងគ្រោះ ដោយសារព្យុះស៊ីក្លូនស៊ែរ៉ូចា (Seroja) ដែលបានវាយប្រហារដែនដីរបស់ខ្លួន ជាប់ព្រំដែនជាមួយប្រទេសទីម័រខាងកើត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១។
បើតាមអាជ្ញាធរឥណ្ឌូណេស៊ី គិតត្រឹមថ្ងៃព្រហស្បតិ៍នេះមនុស្សស្លាប់ បានកើនឡើងដល់ជិត ១៨០នាក់ហើយ ខណៈនៅប្រទេសទីម័រខាងកើតវិញ មនុស្សជាង ១០នាក់ក៏បានបាត់បង់ជីវិតផងដែរ។ ក្រោយគ្រោះទឹកជំនន់ និងការរអិលបាក់ដីបង្កឡើងដោយព្យុះស៊ីក្លូនខាងលើនេះ ផ្ទះសំបែងជាច្រើនបានរងការបំផ្លិចបំផ្លាញ ខណៈមនុស្សរាប់សិបនាក់ទៀត កំពុងបាត់ខ្លួននៅឡើយ។
នាវាកងទ័ពឥណ្ឌូណេស៊ី ដែលបានដឹកជំនួយទៅកាន់តំបន់ខាងលើនេះ ត្រូវបានបញ្ជាឲ្យចូលចតនៅតំបន់ ឡេមបាតា និង អាដូណារ៉ា (Lembata and Adonara) ជាប់ព្រំដែនជាមួយទីម័រខាងកើត ខណៈនាវាពេទ្យក៏កំពុងស្ថិតនៅទីនោះស្រាប់ផងដែរ ដើម្បីជួយសង្គ្រោះអ្នកជំងឺ និងអ្នកបាត់បង់ទីជំរករាប់ម៉ឺននាក់។
គួរបញ្ជាក់ថា ព្យុះស៊ីក្លូន Seroja គឺជាព្យុះកំណាចមួយ ដែលមិនធ្លាប់បានវាយប្រហារតំបន់នេះ អស់ជាច្រើនឆ្នាំមកហើយ។ Seroja បានវាយប្រហារតំបន់ដែនកោះ ឡេមបាតា និង អាដូណារ៉ា របស់ឥណ្ឌូណេស៊ីកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ។ សម្រាប់នាវាផ្តល់ជំនួយខាងលើនេះ គឺមានផ្ទុកទាំងចំណីអាហារ តង់ ថ្នាំពេទ្យ ម៉ាស និងឧបករណ៍ធ្វើតេស្តរក COVID-19 ផងដែរ៕