(ញូដេលី)៖ នៅថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១នេះ គឺជាថ្ងៃទី២ហើយដែលឥណ្ឌា បានប្រកាសរកឃើញអ្នកឆ្លង COVID-19 រហូតដល់ទៅជាង ២០០,០០០នាក់ និងជាសញ្ញាបង្ហាញថា ការឆ្លងរាតត្បាតជំងឺនេះ កាន់តែអាក្រក់ខ្លាំងឡើងហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

បើតាមទិន្នន័យផ្លូវការពីអាជ្ញាធរសុខាភិបាលឥណ្ឌា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ករណីវិជ្ជមាន COVID-19 សរុប ២១៧,៣៥៣នាក់ទៀតត្រូវបានរាយការណ៍ នាំឲ្យចំនួនករណីឆ្លងសរុបទូទាំងប្រទេស កើនឡើងដល់ជិត ១៤.៣លានករណី។ ក្នុងរយៈពេលដូចគ្នាអ្នកជំងឺរហូតដល់ទៅ ១.១៨៥នាក់ទៀត ក៏បានបាត់បង់ជីវិតផងដែរ នាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ១៧៤,៣០៨នាក់។

គួរបញ្ជាក់ថា ស្ថិតនៅចំពោះមុខករណីឆ្លង និងស្លាប់យ៉ាងគំហុកឡើងវិញនេះ រដ្ឋាភិបាលសហព័ន្ធឥណ្ឌាបានច្រានចោល ការអំពាវនាវឲ្យបិទប្រទេសទាំងស្រុងជាថ្មី។ ទោះជាបែបនេះក្តី សាលារៀនជាច្រើនត្រូវបានសម្រេចឲ្យលុបចោលការប្រឡង ឬក៏អាចផ្អាកជាបណ្តោះអាសន្នសិន ដើម្បីទប់ស្កាត់ការប្រមូលផ្តុំគ្នាគ្រប់ទម្រង់ ដែលនឹងអាចនាំឲ្យករណីផ្ទុះរលកថ្មី COVID-19 កាន់តែយ៉ាប់យ៉ឺន ក្នុងប្រទេសដែលមានប្រជាជនជាង ១,៣០០លាននាក់មួយនេះ។ បន្ថែមពីនេះ រដ្ឋធានីញូដេលីក៏សម្រេចបានដាក់ចេញ នូវបម្រាមគោចរពេលរាត្រី នៅថ្ងៃចុងសប្តាហ៍ផងដែរ។

សម្រាប់ការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ គិតចាប់តាំងពីថ្ងៃទី១៦ ខែមករា រហូតមកទល់នឹងពាក់កណ្តាលខែមេសា ឆ្នាំ២០២១នេះ ឥណ្ឌាសម្រេចចាក់ជូនប្រជាជនបានជាង ១១៧លាននាក់ហើយ៕