(ប្រាក)៖ សាធារណរដ្ឋឆែកបានប្រកាសបណ្ដេញមន្ត្រីទូតរុស្ស៊ី១៨នាក់ចេញពីប្រទេស ដោយចោទថាទីក្រុងម៉ូស្គូមានជាប់ពាក់ព័ន្ធនឹងការផ្ទុះឃ្លាំងអាវុធមួយ កាលពីឆ្នាំ២០១៤។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) រដ្ឋមន្ត្រីមហាផ្ទៃ និងជារដ្ឋមន្ត្រីការបរទេសស្ដីទីឆែក លោក ជែន ហាម៉ាសេគ (Jan Hamacek) បានបញ្ជាក់ថាការបណ្ដេញមន្ត្រីទូតរុស្ស៊ីខាងលើធ្វើឡើងបន្ទាប់ពីអាជ្ញាធរឆែករកឃើញថាអ្នកទាំងនោះគឺជាសមាជិកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៊ី ហើយ ពួកគេមានរយៈពេល៤៨ម៉ោងដើម្បីចាកចេញពីសាធារណរដ្ឋឆែក។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយឆែក ការសម្រេចចិត្តបណ្ដេញមន្ត្រីទូតរុស្ស៊ីគឺជាការឆ្លើយតបទៅនឹងភស្ដុតាងដែលទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ឆែកទទួលបានថា រុស្ស៊ីមានជាប់ពាក់ព័ន្ធនឹងហេតុការណ៍ផ្ទុះឃ្លាំងអាវុធមួយនៅក្នុងសាធារណរដ្ឋឆែក កាលពីឆ្នាំ២០១៤ ដោយបានផ្ដាច់ជីវិតមនុស្ស២នាក់៕