(ហ្សាការតា)៖ កងទ័ពជើងទឹកឥណ្ឌូណេស៉ីនៅថ្ងៃពុធនេះ កំពុងតែតាមរុករកមនុស្សចំនួន៥៣នាក់ ស្ថិតនៅក្នុងនាវាមុជទឹកមួយគ្រឿង ដែលបានបាត់ដំណឹង ហើយកំពុងតែស្នើសុំការជួយស្វែងរកពីសំណាក់អូស្រ្តាលី និងសិង្ហបុរីផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១។

យោងតាមអ្នកនាំពាក្យយោធាជើងទឹកឥណ្ឌូណេស៉ី នាវាមុជទឹកដែលបានខ្លួនខាងលើ មានឈ្មោះថា KRI Nanggala-402 និងផលិតដោយប្រទេសអាល្លឺម៉ង់។ ការបាត់ខ្លួននៃនាវាមុជទឹកនេះ ជាមួយនាវិកទាំង៥៣នាក់ដែលស្ថិតនៅក្នុងនោះ កើតឡើងស្របពេលដែល នាវាមុជទឹក KRI Nanggala-402 កំពុងធ្វើការហ្វឹកហាត់លើប្រព័ន្ធមីស៉ីលរត់ក្រោមទឹក នៅម្តុំដែនទឹកភាគខាងជើងកោះបាលី នាថ្ងៃពុធនេះ ប៉ុន្តែមិនឃើញទាក់ទង ក៏ដូចជាបញ្ជូនលទ្ធផលនៃការហ្វឹកហាត់នោះ មកកាន់ទីបញ្ជាការវិញ តាមការរំពឹងទុក។

គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងការស្នើសុំឲ្យជួយស្វែងរកពីឥណ្ឌូណេស៉ី គេមិនទាន់ឃើញអ្នកតំណាងក្រសួងការពារជាតិអូស្រ្តាលី និងសិង្ហបុរី មានការឆ្លើយតបយ៉ាងណានោះទេ៕