(វ៉ាស៉ីនតោន)៖ អគ្គមេបញ្ជាការនៃទីបញ្ជាការកណ្ដាលកងទ័ពអាមេរិក ទទួលបន្ទុកតំបន់មជ្ឈិមបូព៌ា នាយឧត្តមសេនីយ៍ ហ្វ្រេង ម៉ាខេនហ្ស៉ី (Frank McKenzie) បានប្រាប់សភាអាមេរិកនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា យោធាអាហ្គានីស្ថាន «ប្រាកដជានឹងដួលរលំ» ដោយគ្មានការគាំទ្រពីអាមេរិកបន្តទៀត នៅក្រោយពេលដែលកងទ័ពអាមេរិក ទាំងអស់ត្រូវបានដកចេញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AP នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១។
នាយឧត្តមសេនីយ៍ Frank McKenzie បានគូសបញ្ជាក់ប្រាប់ថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសមត្ថភាពរបស់រដ្ឋាភិបាលអាហ្គានីស្ថាន ក្នុងការការពារស្ថានទូតអាមេរិកប្រចាំនៅទីក្រុង កាប៊ុល (Kabul)។ នៅពេលដែលកងទ័ពអាមេរិកទាំងអស់ ត្រូវបានដកចេញពីប្រទេសអាហ្គានីស្ថាន «ការព្រួយបារម្ភរបស់ខ្ញុំ គឺសមត្ថភាពរបស់អាហ្គានីស្ថានដើម្បីឈរជើង» ហើយថាតើពួកគេអាចបន្តរក្សាទុក និងបញ្ជាយន្តហោះរបស់ពួកគេ ដោយគ្មានការដឹកនាំ និងជំនួយហិរញ្ញវត្ថុពីសហរដ្ឋអាមេរិកទៀតដែរ ឬយ៉ាងណា។
នាយឧត្តមសេនីយ៍ Frank McKenzie បានគូសបញ្ជាក់ប្រាប់បន្ថែមថា វានឹងមានសារៈសំខាន់បំផុត ក្នុងការការពារស្ថានទូតអាមេរិក «ហើយវាជាបញ្ហាគួរឱ្យព្រួយបារម្ភបំផុតសម្រាប់ខ្ញុំថា តើរដ្ឋាភិបាលអាហ្គានីស្ថាននាពេលអនាគត នឹងអាចធ្វើរឿងនោះបានដែរ ឬយ៉ាងណានៅពេលយើងចាកចេញ»។
គួរបញ្ជាក់ថា នាយឧត្តមសេនីយ៍ Frank McKenzie បានចំណាយពេលមួយសប្តាហ៍ ដើម្បីផ្តល់ព័ត៌មានលម្អិតដល់សមាជិកសភា អំពីបញ្ហាប្រឈមដ៏ធំធេងបំផុត នៅពេលដែលកងទ័ពអាមេរិកទាំងអស់ ត្រូវបានដកចេញពីប្រទេសអាហ្គានីស្ថាននៅត្រឹមថ្ងៃទី១១ ខែកញ្ញាខាងមុខនេះ ទៅតាមបទបញ្ជារបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) កាលពីសប្តាហ៍មុន៕