(ប៉េកាំង)៖ ថ្ងៃទី២១ ខែមេសា រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីប្រកាសថានឹងលុបចោលអនុស្សរណៈយោគយល់ និងកិច្ចព្រមព្រៀងក្របខណ្ឌស្តីពី «ខ្សែក្រវាត់និងផ្លូវ» ដែលប្រទេសចិនបានចុះហត្ថលេខាជាមួយរដ្ឋបាលរដ្ឋ Victoria របស់អូស្ត្រាលីដោយយកលេសថា «វាមិនសមស្របនឹងគោលនយោបាយការទូតរបស់អីស្ត្រាលី ឬគ្មានអំណោយផលដល់ទំនាក់ទំនងការទូតរបស់អូស្ត្រាលី»។
អ្នកនយោបាយមួយចំនួននៃប្រទេសអូស្ត្រាលីប៉ុនប៉ងបង្កើតជាឧបសគ្គដល់ប្រទេសចិនតាមរយៈទង្វើបែបនេះ ដើម្បីផ្គាប់ចិត្ត «បងធំ» អាមេរិក ក៏ដូចជាប្រមែប្រមូល ធនធាននយោបាយរបស់ខ្លួនផងដែរ។ ប៉ុន្តែរដ្ឋាភិបាលអូស្ត្រាលីបានប៉ានប្រមាណខ្ពស់ហួសពេកចំពោះតម្លៃរបស់ខ្លួន។ គឺដូចជាប្រសាសន៍របស់លោក Tony Kevin អតតីមន្ត្រីការទូតរបស់អូស្ត្រាលីដែលបានលើកឡើងថាគោលនយោបាយចំពោះប្រទេសចិនរបស់លោក Scott Morrison នឹងធ្វើឱ្យអូស្ត្រាលីបាត់បង់ទីផ្សារដ៏នឹងនរនា កាលពីមុន រីឯពាណិជ្ជករនាំចូលរបស់អាមេរិកនិងអឺរ៉ុបនឹងបំពេញបន្ថែមចន្លោះខ្វះខាតនេះ។
ព្រមពេលជាមួយគ្នានេះ អាមេរិកនិងអឺរ៉ុបក៏នឹងប្រើប្រាស់ពាក្យសំដីផ្អែមៗដើម្បីផ្តល់ការគាំទ្រនិងសមានចិត្តអាណិតអាសូរចំពោះអូស្ត្រាលីផងដែរ។ តាមពិតទៅ ការលេងលកល្បិចនយោបាយរបស់រដ្ឋាភិបាលអូស្ត្រាលីក្នុងបញ្ហា «ខ្សែក្រវាត់ និងផ្លូវ» នឹងបំផ្លិចបំផ្លាញផលប្រយោជន៍ផ្ទាល់ខ្លួន ជាពិសេសនឹងប៉ះពាល់ដល់ សុខមាលភាពរបស់ប្រជាពលរដ្ឋអូស្ត្រាលី។ «ខ្សែក្រវាត់ និងផ្លូវ» ជាគំនិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបតិ្តការផ្នែកសេដ្ឋកិច្ច វានឹងនាំមកនូវផលប្រយោជន៍ជាក់ស្តែង ដល់ភាគីដែលបានចូលរួមដោយផ្ទាល់។ កាលពីខែឧសភា ឆ្នាំ២០២០ លោក Daniel Andrews អភិបាលរដ្ឋ Victoria ធ្លាប់ថ្លែងថាក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ការនាំចេញរបស់រដ្ឋ Victoria ទៅកាន់ប្រទេសចិនបានកើនឡើង៦២ភាគរយ អ្នកទេសចរណ៍ចិនដែលទៅធ្វើទេសចរណ៍នៅរដ្ឋ Victoria បានកើនចំនួន៧០ភាគរយ។
អ្នកនាំពាក្យនៃរដ្ឋបាលរដ្ឋ Victoria បានថ្លែងថាក្នុងអំឡុងការស្តារឡើងវិញបន្ទាប់ពីបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ១៩ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» បាននាំមក នូវឱកាសប្រកបអាជីវកម្មដល់សហគ្រាសនិងប្រជាពលរដ្ឋក្នុងតំបន់ ប្រការនេះមានសារៈសំខាន់ជាងពេលណាៗទាំងអស់។ ក្នុងរយៈពេលជាង៧ឆ្នាំកន្លងមក ការចោទជាមន្ទិលសង្ស័យ និងលាបពណ៌ទៅលើគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» មិនដែលរារាំងការពង្រីកធំក្រុមមិត្តភកិ្ត «ខ្សែក្រវាត់និងផ្លូវ» ទាល់តែសោះ ហើយក៏មិនដែលប៉ះពាល់ដល់ភាពរាក់ទាក់កក់ក្តៅរបស់ប្រទេសភាគច្រើនដាច់ខាតដែលចង់ចូលរួមកិច្ចកសាង «ខ្សែក្រវាត់ និងផ្លូវ» ផងដែរ។
គិតរហូតដល់ខែវិច្ឆិកា ឆ្នាំ២០២០ ប្រទេសចិនបានចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការស្តីពីការរួមគ្នាកសាង «ខ្សែក្រវាត់ និងផ្លូវ» ចំនួន២០១ច្បាប់ជាមួយ ប្រទេស១៣៨ និងអង្គការអន្តរជាតិ៣១។ ការលេងកលល្បិចនយោបាយរបស់អ្នកនយោបាយអូស្ត្រាលីមួយចំនួនមិនអាចប៉ះពាល់ដល់ការជំរុញយ៉ាងផុលផុស នៃកិច្ចកសាង «ខ្សែក្រវាត់និងផ្លូវ» នោះទេ ផ្ទុយទៅវិញនឹងប៉ះពាល់ដល់រូបភាពនិងកេរ្តិ៍ឈ្មោះរបស់ប្រទេសអូស្ត្រាលី ហើយធ្វើឱ្យខ្លួនកា្លយជាប្រទេសគួរឱ្យ អស់សំណើចលើផ្ទៃអន្តរជាតិ៕