(ប៉េកាំង)៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់ចិន កំពុងតែពិចារណាទៅលើការ «ចាក់វ៉ាក់សាំងលាយគ្នា» និងទៅលើការ «ចាក់វ៉ាក់សាំងដូសបន្ថែម» ថាតើវិធីសាស្ត្រទាំងពីរនេះអាចជួយផ្តល់ ការការពារប្រសើរជាងមុនប្រឆាំងនឹង COVID-19 ដែរឬយ៉ាងណា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AP នៅល្ងាចថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១។
ក្រុមហ៊ុនចិន Sinovac និង Sinopharm ដែលបាននាំចេញវ៉ាក់សាំង COVID-19 សរុបរាប់រយលានដូសរួចទៅហើយ ទៅជុំវិញពិភពលោកនោះបានឲ្យដឹងថា ពួកគេកំពុងពិចារណាលើ ការប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួន ជាមួយវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនដទៃទៀត។ ក្រុមហ៊ុន China National Biotech Group ដែលជាបុត្រសម្ព័ន្ធរបស់ Sinopharm បានផលិតវ៉ាក់សាំងបង្ការ COVID-19 ពីរផ្សេងគ្នាដោយជោគជ័យរួចទៅហើយ ខណៈវ៉ាក់សាំងទីបី កំពុងបន្តស្ថិតក្រោមការធ្វើតេស្ត។
វ៉ាក់សាំងមួយរបស់ Sinopharm ដែលត្រូវបានអភិវឌ្ឍឡើងដោយ វិទ្យាស្ថានផលិតផលជីវសាស្រ្តទីក្រុងប៉េកាំង មានប្រសិទ្ធភាពជិត ៨០ភាគរយប្រឆាំងនឹង COVID-19 ខណៈវ៉ាក់សាំង Sinopharm មួយទៀត ដែលបានមកពីវិទ្យាស្ថានផលិតផលជីវសាស្រ្តទីក្រុងវូហាន មានប្រសិទ្ធភាព ៧២ភាគរយ, នេះបើយោងតាមការអះអាងរបស់ក្រុមហ៊ុន Sinopharm ផ្ទាល់។
ដោយឡែកសម្រាប់វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac បានបង្ហាញប្រសិទ្ធភាពក្នុងកម្រិតខុសៗគ្នាគឺជាមធ្យមចន្លោះពីជាង ៥០ភាគរយ ដល់ជាង ៨០ភាគរយ ក្នុងការសិក្សានៅប្រេស៉ីល តួកគី និងឥណ្ឌូណេស៉ី ហើយក៏ជាវ៉ាក់សាំងចិនដែលបណ្តាប្រទេសជាច្រើន លើពិភពលោកកំពុងបញ្ជាទិញផងដែរ។
ដោយឡែកក្រុមហ៊ុនផលិតវ៉ាក់សាំងចិនមួយទៀតគឺ ខេនស៊ីណូ (CanSino) ដែលបានអភិវឌ្ឍវ៉ាក់សាំង COVID-19 តម្រូវឲ្យចាក់តែមួយដូសបានឲ្យដឹងថា ខ្លួនកំពុងពិចារណាលើការចាក់វ៉ាក់សាំងដូសបន្ថែម (ដូសទី២) នៅរយៈពេល ០៦ខែក្រោយការចាក់លើកដំបូង។ វ៉ាក់សាំងចាក់តែមួយដូស CanSino ត្រូវបានគេអះអាងថា មានប្រសិទ្ធភាព ៦៥.៣ភាគរយទប់ទល់នឹង COVID-19។
គួរបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្រ្តនៅចក្រភពអង់គ្លេស ក៏កំពុងសិក្សាលើការចាក់លាយគ្នារវាងវ៉ាក់សាំង AstraZeneca និងវ៉ាក់សាំងអាមេរិក Pfizer ផងដែរ ហើយពួកគេក៏កំពុងពិចារណា ធ្វើតេស្តលើប្រសិទ្ធភាពនៃការចាក់ដូសទាំងពីរ នៅចន្លោះពេលផ្សេងគ្នាថែមទៀតផង គឺអាចក្នុងគម្លាតរវាង ៤សប្តាហ៍ និង ១២សប្តាហ៍៕