(តូក្យូ)៖ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ប្រទេសជប៉ុនទើបតែបានប្រើវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលខ្លួនបាននាំចូលប្រមាណតែ ១ភាគ៥ប៉ុណ្ណោះរហូតមកទល់ពេលនេះ ខណៈដែលប្រទេសមួយនេះកំពុងជួបបញ្ហាខាងភ័ស្តុភារដូចជាកង្វះបុគ្គលិកពេទ្យ និងការយឺតយ៉ាងក្នុងការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជាដើម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១។
ជប៉ុនទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 ច្រើនជាងគេនៅអាស៊ី ខណៈដែលប្រទេសមួយនេះកំពុងត្រៀមសម្រាប់ការធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកនារដូវក្តៅនេះ។ ប៉ុន្តែេហូតមកទល់ពេលនេះ ជប៉ុនទើបតែបានចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួនតែ ១.៦ភាគរយ នៃប្រជាជនសរុប ពោលគឺទាបជាងគេក្នុងចំណោមប្រទេសមាន។
បើយោងតាមកាលវិភាគពីការិយាល័យគណៈរដ្ឋមន្ត្រីបានឲ្យដឹងថា ដាច់ខែមេសានេះ ប្រទេសជប៉ុននឹងទទួលបានវ៉ាក់សាំង Pfizer គង្រ្គប់ក្នុងបរិមាណជិត ១៧លានដូស។ ប៉ុន្តែគិតត្រឹមថ្ងៃពុធនេះបានចាក់ប្រមាណតែ ៣.២លានប៉ុណ្ណោះ ដោយភាគច្រើនគឺត្រូវបានផ្តល់ជូនដល់បុគ្គលិកសុខាភិបាល។
គួរបញ្ជាក់ថា បើប្រៀបធៀបជាមួយប្រទេសកូរ៉េខាងត្បូង ដែលបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួនក្រោយប្រទេសជប៉ុន រហូតមកទល់ពេលនេះបានប្រើប្រាស់រួចរាល់ ២ភាគ៣ នៃចំនួនវ៉ាក់សំាងសរុប ៣.៨៧លានដូស ដែលខ្លួនបានពីក្រុមហ៊ុន AstraZeneca និង Pfizer ដោយបានគ្របដណ្តប់លើប្រជាជន ៤.៧ភាគរយ នៃចំនួនប្រជាជនសរុបរបស់ខ្លួន៕