(ប៉ារីស)៖ ទិន្នន័យផ្លូវការរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅថ្ងៃពុធសប្ដាហ៍នេះបានរាយការណ៍ឱ្យដឹងថា មនុស្សជាង ៥០លាននាក់ហើយនៅក្នុងទ្វីបអ៊ឺរ៉ុបបានឆ្លងជំងឺ COVID-19 គិតចាប់តាំងពីជំងឺនេះបានផ្ទុះឡើងដំបូង កាលពីខែធ្នូ ឆ្នាំ២០១៩កន្លងទៅ។ នេះបើតាមការដកស្រង់ព័ត៌មាន នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១។
អ្នកឆ្លងជំងឺ COVID-19 សរុបចំនួន ៥០,០២១,៦១៥នាក់ត្រូវបានកត់ត្រានៅក្នុងប្រទេស និងដែនដីសរុបចំនួន ៥២ របស់ទ្វីបអឺរ៉ុប ដែលលាតសន្ធឹងរហូតដល់ប្រទេសអាហ៊្សែបៃហ្សង់ និងរុស្ស៊ី។ អ្នកឆ្លងជំងឺនេះជាង ១,៣៨២,០០០នាក់ទៀត ត្រូវបានកត់ត្រាតែក្នុងរយៈពេល ០៧ថ្ងៃកន្លងទៅនេះប៉ុណ្ណោះ ឬស្មើនឹងករណីឆ្លងជាមធ្យម ១៩៧,៤០០នាក់ក្នុងមួយថ្ងៃសម្រាប់ទ្វីបអឺរ៉ុប។
ទោះជាយ៉ាងណា បណ្ដាប្រទេសអឺរ៉ុបភាគច្រើនបានរាយការណ៍ អំពីចំនួនអ្នកឆ្លងប្រចាំថ្ងៃក្នុងកម្រិតទាប សម្រាប់រយៈពេល ០៧ថ្ងៃកន្លងទៅ ហើយរដ្ឋាភិបាលប្រទេសទាំងនោះ ក៏កំពុងតែដកចេញជាបន្តបន្ទាប់ នូវវិធានការណ៍រឹតត្បឹតផងដែរ។ ជាឧទាហរណ៍ ចក្រភពអង់គ្លេស បានអនុញ្ញាតឱ្យអាជីវកម្មដែលមិនចាំបាច់ និងហាងកាហ្វេដែលផ្ដល់សេវាកម្ម ដល់អតិថិជននៅខាងក្រៅហាង អាចបើកដំណើរការសាជាថ្មីកាលពីថ្ងៃទី១២ ខែមេសា ហើយឥឡូវនេះអង់គ្លេសបានរាយការណ៍ ករណីឆ្លងជាមធ្យមជាង ២,៣០០នាក់ក្នុងមួយថ្ងៃ ដែលត្រូវបានចាត់ទុកជាកម្រិតទាប។
បន្ថែមពីខាងលើនេះ ប្រទេសអ៊ីតាលីក៏បានអនុញ្ញាតផងដែរ នូវការបើកដំណើរការជាថ្មីនៃផ្នែកខ្លះៗដូចជា ទីកន្លែងកម្សាន្ត ភោជនីយដ្ឋាន និងរោងកុន ខណៈប្រទេសបារាំងដែលមានចំនួនអ្នកឆ្លង COVID-19 ខ្ពស់បំផុតប្រចាំទ្វីបអ៊ឺរ៉ុបរហូតដល់ ៥.៥លាននាក់ ក៏បានរាយការណ៍ពីការធ្លាក់ចុះនៃចំនួនអ្នកឆ្លងថ្មីៗផងដែរ។
គួរបញ្ជាក់ថា មនុស្សជាង ១,០៦០,៩០០នាក់បានស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងទ្វីបអ៊ឺរ៉ុបតែឯង ចាប់តាំងពីផ្ទុះការឆ្លងរីករាលដាលនៃជំងឺនេះ ខណៈស្ថានការណ៍បច្ចុប្បន្ន គឺចំនួនមនុស្សស្លាប់ជាមធ្យមប្រហែល ៣,៦០០នាក់ត្រូវបានរាយការណ៍ថាស្លាប់ក្នុងមួយថ្ងៃ ដូច្នេះមានន័យថា អត្រាស្លាប់មានការធ្លាក់ចុះតិចតួចប៉ុណ្ណោះ៕