(ប៉េកាំង)៖ នៅថ្ងៃព្រហស្បតិ៍នេះ ចិនបានបាញ់បញ្ជូនកំណាត់បន្ទប់ស្នូល (core module) នៃស្ថានីយអវកាសរបស់ខ្លួន ឡើងទៅកាន់ទីអវកាសហើយ ជាមួយគោលដៅសម្រេចការសាងសង់ឲ្យបានជាស្ថារព នៅមុនដំណាច់ឆ្នាំក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១។
កំណាត់បន្ទប់ឈ្មោះថា Tianhe ត្រូវបានបាញ់បញ្ជូនចេញពីមូលដ្ឋាននៅខេត្ត Hainan ភាគខាងត្បូងប្រទេសចិន នាព្រឹកថ្ងៃព្រហស្បតិ៍នេះ តាមរយៈការប្រើប្រាស់គ្រាប់រ៉ុក្កែត Long March-5B Y2។ កំណាត់បន្ទប់ស្នូលនេះ នឹងដើរតួនាទីជាមជ្ឈមណ្ឌលគ្រប់គ្រងនិងចាត់ចែង នៃស្ថានីយអវកាសរបស់ចិន ដែលមានឈ្មោះថា Tiangong ឬ Heavenly Palace។
គួរបញ្ជាក់ថា កំណាត់បន្ទប់ Tianhe មានបណ្តោយប្រវែង១៦.៦ម៉ែត្រ និងអង្កត់ផ្ចិតអតិបរមា៤.២ម៉ែត្រ ដែលជាសំណង់អវកាសធំបំផុត ដែលចិនបានអភិវឌ្ឍឡើង។ ស្ថានីយអវកាសចិន Tiangong នឹងមានរាងដូចអក្សរឡាតាំង «T» ដោយកំណាត់បន្ទប់ Tianhe ស្ថិតនៅជាស្នូលកណ្តាល ហើយកំណាត់បន្ទប់ពិសោធន៍ពីរផ្សេងទៀតស្ថិតនៅសងខាង។
ស្ថានីយ Tiangong នឹងធ្វើប្រតិបត្តិការនៅតំបន់គន្លងកម្រិតទាបនៃផែនដី គឺនៅរយៈកម្ពស់ចន្លោះ៣៤០-៤៥០គីឡូម៉ែត្រ។ វាត្រូវបានរចនាឡើងជាមួយអាយុកាលដំណើរការយ៉ាងហោច១០ឆ្នាំ ប៉ុន្តែក្រុមអ្នកជំនាញជឿថា វាអាចបន្តធ្វើប្រតិបត្តិការនៅទីអវកាសបានលើស១៥ឆ្នាំ ប្រសិនទទួលបានការថែទាំនិងជួសជុលត្រឹម។ ពេលសាងសង់រួចរាល់តាមការគ្រោងទុក នៅមុនដំណាច់ឆ្នាំ២០២២ Tiangong នឹងជាស្ថានីយអវកាសពេញលេញតែមួយគត់ បន្ទាប់ពីស្ថានីយអវកាសអន្តរជាតិ ISS៕