(ម៉ាសាឈូសេត)៖ ក្រុមហ៊ុនផលិតឱសថអាមេរិក Moderna បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនកំពុងបង្កើនសមត្ថភាពផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួន ហើយរំពឹងថានឹងអាចផលិតបានដល់០៣ពាន់លានដូស នៅក្នុងឆ្នាំ២០២២ ដែលជាចំនួនច្រើនជាង ការព្យាករកាលពីលើកមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១។
ក្រុមហ៊ុន Moderna បានបន្ថែមទៀតថា ខ្លួនក៏កំពុងបង្កើនការរំពឹងទុកសម្រាប់សមត្ថភាពផលិតវ៉ាក់សាំង COVID-19 ក្នុងឆ្នាំ២០២១នេះ ផងដែរ គឺទៅដល់ចន្លោះពី៨០០លានដូស ទៅ១ពាន់លានដូស ខណៈកន្លងមក ការរំពឹងទាបបំផុតគឺ ពី៧០០លានដូស។ ប្រធានក្រុមហ៊ុន Modern លោក Stephen Hoge បាននិយាយក្នុងបទសម្ភាសន៍មួយថា ក្រុមហ៊ុនលោកអាចមើលឃើញ វ៉ាក់សាំងដែលផលិតបានកើនដល់ ០៣ពាន់លានដូស។
គួរបញ្ជាក់ថា កន្លងទៅ ក្រុមហ៊ុន Moderna ធ្លាប់បាននិយាយថា ខ្លួនរំពឹងនឹងផលិតវ៉ាក់សាំង COVID-19 បានត្រឹម១.៤ពាន់លានដូស នៅក្នុងឆ្នាំ២០២២ខាងមុខនេះ៕