(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានប្រកាសដាក់ចេញនូវការរឹតត្បឹត លើការធ្វើដំណើរចូលមកកាន់សហរដ្ឋអាមេរិក ដែលអនុវត្តលើប្រជាជន មិនទាន់មានសញ្ជាតិអាមេរិកភាគច្រើន ដែលបានធ្វើដំណើរមកពីប្រទេសឥណ្ឌា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AP នៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែឧសភា ឆ្នាំ២០២១។

បើតាមសេតវិមាន ការរឹតត្បិតខាងលើនេះនឹងចូលជាធរមាននៅវេលាម៉ោង ១២៖០១នាទីពាក់កណ្ដាលអធ្រាត្រឈានចូលថ្ងៃទី០៤ ខែឧសភាខាងមុខនេះ ដោយយោងតាមដំបូន្មានរបស់ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក (CDC) ហើយវាត្រូវបានដាក់ចេញដោយសារតែទំហំ និងវិសាលភាពនៃការរាតត្បាតជំងឺ COVID-19 ក្នុងប្រទេសឥណ្ឌា មានការកើនឡើងយ៉ាងខ្លាំងក្លាបំផុត។

លោកប្រធានាធិបតី ចូ បៃដិន នៅថ្ងៃសុក្រសប្ដាហ៍នេះ បានចុះហត្ថលេខាលើសេចក្តីប្រកាសអនុវត្តការរឹតត្បិត ដែលត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌មាន Reuters។ សេចក្តីប្រកាសនេះបានគូសបញ្ជាក់ថា ប្រទេសឥណ្ឌា «បានកត់ត្រានូវករណីឆ្លងថ្មីៗប្រហែលជាងមួយភាគបី នៃករណីឆ្លងថ្មីៗនៅទូទាំងពិភពលោក។ ការរឹតត្បឹតថ្មីខាងលើនេះត្រូវតែដាក់ចេញ ដើម្បីការពារសុខភាពសាធារណៈរបស់ប្រទេសជាតិ ចំពោះអ្នកដែលបានធ្វើដំណើរមកពីប្រទេសឥណ្ឌា ចូលមកកាន់សហរដ្ឋអាមេរិក»

គួរបញ្ជាក់ថា កាលពីខែមករាកន្លងទៅ លោកប្រធានាធិបតី បៃដិន បានដាក់បំរាមស្រដៀងគ្នាមួយ លើការធ្វើដំណើរចូលមកកាន់សហរដ្ឋអាមេរិក ចំពោះប្រជាជនមិនទាន់មានសញ្ជាតិអាមេរិកភាគច្រើន ដែលបានធ្វើដំណើរមកពីប្រទេសអាហ្វ្រិកខាងត្បូង ហើយក៏បានដាក់បំរាមឡើងវិញ ចំពោះអ្នកដំណើរមិនមែនជនជាតិអាមេរិកទាំងអស់ ដែលបានធ្វើដំណើរមកពីប្រទេសប្រេស៊ីល ចក្រភពអង់គ្លេស អៀរឡង់ និងបណ្ដាប្រទេសអ៊ឺរ៉ុបចំនួន ២៦ ទៀតដែលអនុញ្ញាតឱ្យធ្វើដំណើរ ឆ្លងកាត់ព្រំដែនដោយបើកចំហ៕