(ប៉េកាំង)៖ លោក ចិង វៃ ជាគ្រូពេទ្យនៃមណ្ឌលសុខភាព នៅសហគមន៍នៃឃុំ Pengqiao ក្រុង Dengzhou ខេត្តហឺណាន ប្រទេសចិន ឆ្នាំនេះលោកមានអាយុ៥៦ឆ្នាំហើយ ក្នុងរយៈពេល៣០ឆ្នាំកន្លងមក លោកប្រកាន់ខ្ជាប់ការបំពេញការងារនៅតាមជនបទ ដែលបានផ្តល់សេវាកម្មផ្នែកសុខាភិបាល ដល់អ្នកជំងឺនៅតំបន់ក្រីក្រ។

ដោយមកពីលោកបានខិតខំប្រឹងប្រែងធ្វើការងារ បានជាលោកទទួលបានគោរមងារជាច្រើន ដូចជា «គ្រូពេទ្យដ៏ឆ្នើមនៅតាមជនបទនៃខេត្តហឺណាន» «បុគ្គលគំរូខាងសីលធម៌វិជ្ជាជីវៈនៃខេត្តហឺណាន» និង «បុគ្គលគំរូទូទាំងប្រទេសចិន» ជាដើមជាបន្តបន្ទាប់ ។

បន្ទាប់ពីត្រូវជ្រើសតាំងជាបុគ្គលគំរូទូទាំងប្រទេសចិន លោក ចិង វៃ នៅតែជាប់រវល់ការងារនៅឃុំ Pengqiao ដដែល ជាពិសេស គឺក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កាលពីឆ្នាំ២០២០ លោកបានដឹកនាំបុគ្គលិកពេទ្យនៃមណ្ឌលសុខភាព បរិច្ចាគប្រាក់និងសម្ភារៈ ខិតខំប្រឹងប្រែងធ្វើការងារបង្ការនិងគ្រប់គ្រងជំងឺឆ្លង បានសម្រេចភារកិច្ចរបស់ខ្លួនដោយគាប់ប្រសើរ។

តាំងពីដើមមក វប្បធម៌ប្រពៃណីចិន ក៏បានយកចិត្តទុកដាក់ដល់ការបន្តវេនស្មារតីពលកម្ម និងការផ្សព្វផ្សាយវប្បធម៌ពលកម្ម។ ជារៀងរាល់ឆ្នាំ ប្រទេសចិនសុទ្ធតែជ្រើសរើសបុគ្គលគំរូនៅទូទាំងប្រទេសចិន ព្រមនិងរៀបចំធ្វើមហាសន្និបាត និងពិធីចែកប័ណ្ណសរសើរយ៉ាងឧឡារឹក ដើម្បីកោតសរសើរបុគ្គលគំរូខាងវិស័យផ្សេងៗ និងអ្នកបំពេញការងារឈានមុខ។

បុគ្គលគំរូជាតំណាងដ៏ឆ្នើមរបស់ពលករដ៏ច្រើនកុះករ ហើយបានបង្ហាញឱ្យឃើញ នូវសីលធម៌ដ៏ល្អប្រសើររបស់ប្រជាជនចិន ពួកគេមានកិត្តិនាមដ៏ខ្ពង់ខ្ពស់ ហើយក៏ទទួលបានការគោរពពីសំណាក់ប្រជាជនផងដែរ។ រីឯនៅប្រទេសកម្ពុជា ប្រជាជនក៏យកចិត្តទុកដាក់ដល់ស្មារតី ដែលឧស្សាហ៍ព្យាយាមបំពេញការងារ យកចិត្តទុកដាក់ដល់ការសិក្សាជំនាញ និងមានទេពកោសល្យ ក៏ដូចជាស្មារតីផ្សព្វផ្សាយ និងបន្តវេនវប្បធម៌ប្រពៃណីខ្មែរផងដែរ។

លោកស្រី ឌីម សាងីម មានអាយុ៥១ឆ្នាំហើយ លោកស្រីរៀនត្បាញកន្ទេលពីដូនតា។ ចាប់ពីអាយុ១៥ឆ្នាំ លោកស្រី ក៏បានចាប់ផ្តើមប្រកបរបរជា អ្នកត្បាញកន្ទេលក្រហម។ ពិតមែនតែបច្ចុប្បន្ន លោកស្រីជួបការលំបាក ក្នុងការត្បាញកន្ទេល ប៉ុន្តែគាត់មិនបោះបង់ព្រោះតែក្តីស្រឡាញ់។ លោកស្រីសង្ឃឹមក្មេងជំនាន់ក្រោយ អាចចូលចិត្តនិងយកចិត្តទុកដាក់ ដល់សិប្បកម្មប្រពៃណីនេះ ហើយនឹងជួយថែរក្សារបរត្បាញកន្ទេលផងដែរ។

លោក ចាន់ សោភ័ន គឺជាអ្នកច្នៃម៉ូតសំលៀកបំពាក់ខ្មែរបុរាណមួយរូប ដែលបានបញ្ចប់ការសិក្សាពីបរទេស។ គាត់បានបោះបង់ឱកាសការងារនៅបរទេស ត្រឡប់មកស្រុកកំណើត ដើម្បីស្រាវជ្រាវចងក្រង សម្លៀកបំពាក់ខ្មែរតាំងពីសម័យបុរេប្រវត្តិ។ លោកបានចំណាយពេលវេលាជាច្រើនឆ្នាំ ធ្វើការស្រាវជ្រាវអំពីម៉ូតសំលៀកបំពាក់ខ្មែរ ដោយបានធ្វើដំណើរទៅកាន់តំបន់នានា ទូទាំងប្រទេសកម្ពុជា និងប្រទេសជិតខាងដូចជាប្រទេសថៃ និងឡាវ ដែលដែនដីខ្លះជាអតីតទឹកដីនៃប្រទេសកម្ពុជា ដើម្បីស្រាវជ្រាវចងក្រងសម្លៀកបំពាក់ខ្មែរតាំងពីសម័យបុរេប្រវត្តិ ។ លោកសង្ឃឹមនៅថ្ងៃអនាគត លោកអាចបង្កើតជា សារមន្ទីរសម្លៀកបំពាក់មួយក្នុងប្រទេសកម្ពុជា ដើម្បីអោយកូនខ្មែរគ្រប់រូប អាចមានឱកាសបានសិក្សារស្វែងយល់ អំពីម៉ូតសំលៀកបំពាក់របស់ខ្មែរ។

មិនថានៅប្រទេសចិនឬមួយក៏នៅប្រទេសកម្ពុជាក្តី ក្នុងសង្គមបច្ចុប្បន្ន ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រជាជនកាន់តែគោរពនិងយកចិត្តទុកដាក់ដល់ស្មារតីបុគ្គលគំរូ។ ការបន្តវេនវប្បធម៌ត្រូវមានស្មារតីគំរូ ការអភិវឌ្ឍបច្ចេកវិទ្យាត្រូវមានស្មារតីគំរូ ហើយការធ្វើកំណែងទម្រង់និងច្នៃប្រឌិតថ្មី កាន់តែត្រូវមានស្មារតីគំរូផងដែរ។
ក្នុងនាមជាតំណាងដ៏ឆ្នើម នៃអ្នកបំពេញការងារដ៏ច្រើនកុះករ ក្នុងមុខរបរគ្រប់បែបយ៉ាង ពួកគេបានបង្កើតស្នាដៃមិនធម្មតាក្នុងការងារធម្មតា ពួកគេជាទ្រព្យសម្បតិ្តក្នុងសង្គម និងប្រជាជាតិរៀងខ្លួនផង ហើយក៏ជាកម្លាំងចលករសម្រាប់ជំរុញសង្គមទាំងមូល ឱ្យរីកចម្រើនទៅមុខដោយរឹងមាំ។

ជាពិសេស ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ ស្មារតីគំរូបានបន្ថែមខ្លឹមសារថ្មី។ ប្រឈមនឹងការរីករាលដាលជំងឺឆ្លង ដែលស្រាប់តែផ្ទុះឡើង មិនថានៅប្រទេសចិនឬក៏នៅប្រទេសកម្ពុជាក្តី បុគ្គលិកទេព្យបានធ្វើការងារទាំងយប់ទាំងថ្ងៃ ហើយនិងខិតខំប្រឹងប្រែងបំពេញការងារ ដើម្បីបង្ការនិងគ្រប់គ្រងជំងឺឆ្លង អ្នកទាំងអស់គ្នាមិនអើពើនឹងគ្រោះថ្នាក់ ឧស្សាព្យាយាមបំពេញការងារ ដែលបានប្រមូលផ្តុំនូវកម្លាំងដ៏ខ្លាំងក្លាដើម្បីយកឈ្នះលើការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង។

ប្រឈមនឹងភាពលំបាក ស្មារតីគំរូអាចដើរតួនាទីណែនាំ ហាក់ដូចជាចង្កៀងបង្ហាញផ្លូវ ដែលអាចធ្វើឱ្យប្រជាជនយកឈ្នះលើ ឧបសគ្គនិងហ៊ានរ៉ាប់រងទំនួលខុសត្រូវ។ ពលកម្មអាចត្រួសត្រាយអនាគត ការតស៊ូព្យាយាមអាចសម្រេចបាននូវសុបិន។ ក្នុងយុគសម័យថ្មី ការផ្សព្វផ្សាយស្មារតីគំរូ ពោលគឺត្រូវបន្តពង្រីកស្មារតីគំរូ ដែលបំពេញការងារដ៏ឧស្សាព្យាយាម ស្មោះត្រង់និងប្រកបដោយលក្ខណៈច្នៃប្រឌិតថ្មី និងលើកទឹកចិត្តឱ្យប្រជាជនទាំងអស់ រួមបញ្ចូលឧត្តមគតិរបស់ខ្លួនទៅក្នុងបុព្វហេតុដ៏មហិមា ដែលនឹងធ្វើឱ្យប្រទេសជាតិមានភាពរុងរឿង និងស្តារវិបុលភាពរបស់ប្រជាជាតិឡើងវិញ ហើយធ្វើឱ្យការធ្វើពលកម្មមានកិត្តិយស និងការបង្កើតភាពអស្ចារ្យនិងអច្ឆរិយ ក្លាយជារឿងគួរឱ្យកោតសរសើរក្នុងយុគសម័យនេះ៕