(ញូដេលី)៖ វេទិកាក្រុមអ្នកវិទ្យាសាស្ត្រមួយដែលបង្កើតឡើងដោយរដ្ឋាភិបាលទីក្រុងញូដេលីធ្លាប់បានព្រមានក្រុមមន្ត្រីឥណ្ឌាកាលពីដើមខែមីនាកន្លងទៅ ពីគ្រោះថ្នាក់ និងការចម្លងយ៉ាងលឿនរហ័សនៃវីរុស COVID-19 បំប្លែងខ្លួនថ្មីដែលកំពុងលុកលុយប្រទេសអាស៊ីខាងត្បូងមួយនេះ តែពួកគេមិនបានអើពើ ចំពោះការព្រមាននេះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០២ ខែឧសភា ឆ្នាំ២០២១។

អ្នកវិទ្យាសាស្ត្រ៥រូបដែលជាសមាជិកនៃវេទិកាក្រុមអ្នកវិទ្យាសាស្ត្រខាងលើ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ឱ្យដឹងថាពួកគេធ្លាប់បានព្រមានពី គ្រោះថ្នាក់ នៃ COVID-19 បំប្លែងខ្លួនថ្មី តែរដ្ឋាភិបាលឥណ្ឌាមិនបានស្វះស្វែងចាត់វិធានការរឹតត្បិត ឬបញ្ឈប់ការឆ្លងរាតត្បាតនោះទេ។ មនុស្សរាប់លាននាក់ នៅតែបន្តធ្វើដំណើរតាមទីសាធារណៈដោយមិនបានពាក់ម៉ាស និងចូលរួមក្នុងពិធីបុណ្យសាសនា, ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតដែលរៀបចំឡើង ដោយគណបក្សរបស់លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ហើយក្រុមកសិករនៅតែបន្តប្រមូលផ្ដុំធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលផងដែរ។

គួរបញ្ជាក់ថា ការឆ្លងយ៉ាងគំហុកនៃករណីឆ្លង និងស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសឥណ្ឌាគឺជាវិបត្តិដ៏ធំដែលលោក ម៉ូឌី កំពុងប្រឈមមុខ ចាប់តាំងពីលោកឡើងកាន់តំណែងកាលពីឆ្នាំ២០១៤មក។ គេមិនទាន់ដឹងឱ្យប្រាកដថាតើវិធានការដោះស្រាយវិបត្តិនេះអាចនឹងជះឥទ្ធិពលអាក្រក់ ដល់លោក ម៉ូឌីផ្ទាល់ ឬគណបក្សនយោបាយរបស់លោកឬក៏យ៉ាងណានោះទេ ខណៈការបោះឆ្នោតសកលនឹងត្រូវធ្វើឡើងនៅឆ្នាំ២០២៤ខាងមុខ៕