(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិក បានធ្វើការចោទប្រកាន់ជាថ្មីទៀតថា ការកើនឡើងនៃឥទ្ធិពលរបស់ចិន កំពុងបំផ្លាញដល់សណ្ដាប់ធ្នាប់ពិភពលោក តាមរយៈសកម្មភាព ដែលអាមេរិកចាត់ទុកថា ជាទង្វើផ្ដាច់ការ និងឈ្លានពាន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងគែន (Antony Blinken) ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី ៦០នាទីរបស់ទូរទស្សន៍ CBS នៅថ្ងៃអាទិត្យចុងសប្ដាហ៍មុន (ម៉ោងនៅវ៉ាស៊ីនតោន)។ ស្ថិតក្នុងឱកាសនោះ លោក Blinken បានគូសបញ្ជាក់យ៉ាងដូច្នេះថា «អ្វីដែលយើងបានឃើញ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺចិនកំពុងធ្វើសកម្មភាពកាន់តែផ្ដាច់ការនៅក្នុងស្រុក និងកាន់តែឈ្លានពាននៅក្រៅស្រុក... ហើយទាំងនេះគឺជាការពិត»

ការលើកឡើងរបស់លោក Antony Blinken កើតមានឡើងបន្ទាប់ពីប្រធានាធិបតីលោក ចូ បៃដិន នៅក្នុងសុន្ទរកថាជាលើកដំបូងទៅកាន់សភាអាមេរិក កាលពីថ្ងៃពុធសប្ដាហ៍មុនបានបញ្ជាក់ថា លោកមិនចង់បង្កជម្លោះជាមួយចិននោះទេ។ តែលោកបានសង្កត់ធ្ងន់ថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង កំពុងដឹកនាំចិនក្នុងការប្រជែង គ្រប់គ្រងពិភពលោកនៅក្នុងសតវត្សរ៍ទី ២១ នេះ ដែលតម្រូវអាមេរិកចាត់វិធានការឆ្លើយតប ហើយស្វាគមន៍រាល់ការប្រកួតប្រជែង៕