(ញូដេលី)៖ អ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៦៨,១៤៧នាក់ត្រូវបានរកឃើញ និងអ្នកជំងឺ ៣,៤១៧នាក់ទៀតស្លាប់ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ នៅទូទាំងប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១។

ក្រោយការបូកបន្ថែមទិន្នន័យខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនជិតដល់ ២០លានករណី ក្នុងនោះមានអ្នកស្លាប់សរុប ២១៨,៩៤៩នាក់ និងជាសះស្បើយឡើងវិញ ១៦.៣លាននាក់ ខណៈអ្នកជំងឺរហូតដល់ទៅជាង ៣,៤០០,០០០នាក់ កំពុងស្ថិតក្នុងការព្យាបាល។

គួរបញ្ជាក់ថា ទិន្នន័យខាងលើនេះ គឺនៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល ខណៈអ្នកជំនាញជាច្រើនបានបន្តព្រមានថា តួលេខឆ្លងជាក់ស្តែងអាចនឹងមានច្រើន ជាងតួលេខដែលត្រូវបានប្រកាសជាផ្លូវការ ប្រសិនបើការធ្វើតេស្ត ត្រូវបានធ្វើឡើងដោយគ្រប់ជ្រុងជ្រោយនោះ។
ដោយឡែកសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង ដែលជាក្តីសង្ឃឹមធំមួយសម្រាប់ឥណ្ឌា ក្នុងការទប់ទល់នឹងវិបត្តិ COVID-19 គិតត្រឹមថ្ងៃអាទិត្យចុងសប្តាហ៍មុន បានសម្រេចប្រមាណ ១៥៧លានដូសហើយ ខណៈប្រជាជនឥណ្ឌាសរុបមានរហូតដល់ទៅជាង ១,៣០០លាននាក់៕