(ឡុងដ៍)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីងគែន (Antony Blinken) នៅថ្ងៃចន្ទសប្ដាហ៍នេះ បានប្រាប់ឱ្យកូរ៉េខាងជើងឱ្យចាប់យកឱកាសការទូត បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្តស្តីពីយុទ្ធសាស្ត្រថ្មីរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១។

នៅទីក្រុងឡុងដ៍ក្នុងកិច្ចប្រជុំទល់មុខនៃក្រុមប្រទេស G7 លោក Blinken បានពិគ្រោះយោបល់ជាមួយសមភាគីរបស់លោកមកពីប្រទេសជប៉ុន និងកូរ៉េខាងត្បូង អំពីវិធីសាស្រ្តថ្មីរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលត្រូវបានបដិសេធដោយកូរ៉េខាងជើង។

លោក Blinken បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំសង្ឃឹមថាប្រទេសកូរ៉េខាងជើងនឹងចាប់យកឱកាសដើម្បីធ្វើការទូត និងដើម្បីមើលឃើញថាតើមាន មធ្យោបាយអ្វីដើម្បីឆ្ពោះទៅរកគោលដៅនៃការរំសាយអាវុធនុយក្លេអ៊ែរពេញលេញនៅលើឧបទ្វីបកូរ៉េ។ ប៉ុន្តែខ្ញុំគិតថាវាអាស្រ័យលើកូរ៉េខាងជើងក្នុងការសម្រេច ថាតើខ្លួនចង់ចូលរួម ឬអត់លើមូលដ្ឋាននោះ»

ដោយឡែកឆ្លើយតបទៅនឹងប្រតិកម្មដំបូងរបស់កូរ៉េខាងជើង លោក Blinken បានបន្ថែមថា «យើងនឹងតាមដានមើលមិនត្រឹមតែអ្វីដែលកូរ៉េខាងជើង និយាយប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលវានឹងធ្វើនៅថ្ងៃ និងខែខាងមុខនេះផងដែរ»

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបញ្ជាឱ្យតាមដានមើល និងវាយតម្លៃអំពីគោលនយោបាយចំពោះកូរ៉េខាងជើងបន្ទាប់ពី បានចូលកាន់តំណែងជំនួសអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលមានការទូតផ្ទាល់ខ្លួនខ្ពស់ និងជាពិសេសតាមរយៈការរៀបចំកិច្ចប្រជុំ ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន៕