(មិចស៊ីកូស៊ីធី)៖ កំណាត់មួយនៃផ្លូវរថភ្លើងលើអាកាស នៅក្នុងទីក្រុងមិចស៊ីកូស៊ីធី (Mexico City) ភាគខាងត្បូងប្រទេសមិចស៊ីកូ បានបាក់រលំចុះមកនៅពេលរថភ្លើង កំពុងធ្វើដំណើរឆ្លងកាត់ ដែលជាហេតុបង្កឲ្យមនុស្ស ១៣នាក់ស្លាប់ និង ៧០នាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១។

មន្ត្រីជាន់ខ្ពស់នៃទីក្រុងខាងលើនេះគឺលោក អាលហ្វុនសូ សួរែស ឌែល រៀល (Alfonso Suarez del Real) បានប្រាប់រាយការណ៍ព័ត៌មាននានា នៅយប់ថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅអាមេរិកខាងជើង) ថា ក្រុមសង្គ្រោះកំពុងតែស្ថិតនៅនឹងកន្លែងកើតហេតុ ដើម្បីជួយសង្គ្រោះអ្នកកំពុងជាប់ក្នុងទូររថភ្លើង។

បើតាមការបញ្ជាក់ពីអាជ្ញាធរមិចស៊ីកូ ហេតុការណ៍ដ៏គួរឲ្យរន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១០៖៣០នាទីយប់ថ្ងៃចន្ទ។ កន្លងមកការកសាងផ្លូវរថភ្លើងលើអាកាសមួយនេះ ក៏ធ្លាប់ទទួលរងការរិះគន់ អំពីភាពមិនប្រក្រតីមួយចំនួនផងដែរ៕