(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១ នេះបានរាយការណ៍ថា អ្នកជំងឺ COVID-19 ចំនួន ២៧នាក់បានបាត់បង់ជីវិត និងមនុស្ស ១,៧៦៣នាក់ទៀតឆ្លងជំងឺនេះ នៅក្នុងកំឡុងពេលតែ ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។

ក្រោយបូកបញ្ចូលតួលេខថ្មីៗខាងលើ នាំឱ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសថៃ កើនឡើងដល់ ៧២,៧៨៨ករណី និងអ្នកស្លាប់សរុបកើនឡើងដល់ ៣០៣នាក់ គិតចាប់តាំងពីមានការផ្ទុះឡើង នូវការឆ្លងរាតត្បាតនៃជំងឺ COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះ កាលពីដើមឆ្នាំ២០២០។ ដោយឡែកអ្នកជំងឺជាង ៣០,០០០នាក់ទៀត កំពុងស្ថិតក្នុងការព្យាបាលនៅឡើយ ខណៈអ្នកជាសះស្បើយសរុបកើនដល់ ៤២.៤៧៤នាក់។

គួរបញ្ជាក់ថា ការផ្ទុះរលកថ្មីនៃជំងឺ COVID-19 មួយរយៈចុងក្រោយនេះនៅក្នុងប្រទេសថៃ ដោយរួមមានវត្តមានវីរុសបំប្លែងខ្លួនថ្មី មានប្រភពដើមពីអង់គ្លេស ឬគេស្គាល់ថា B.1.1.7 ដែលអាចមានសមត្ថភាពចម្លងខ្ពស់នោះ បានរ៉ាប់រងប្រហែលពាក់កណ្តាលនៃចំនួនអ្នកឆ្លង និងស្លាប់សរុបនៅទូទាំងប្រទេស។ ដោយឡែកសម្រាប់ការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ ប្រទេសថៃសម្រេចបានជិត ១,៥០០,០០០ដូសហើយ៕