(វ៉ាស៉ីនតោន)៖ អតីតសមាជិកព្រឹទ្ធសភាអាមេរិក លោក Bill Nelson អាយុ៧៨ឆ្នាំ ត្រូវបានស្បថឲ្យចូលកាន់តំណែងជាប្រធានទី១៤ នៃទីភ្នាក់ងារអវកាស NASA នៅថ្ងៃចន្ទសប្តាហ៍នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយព័ត៌មាន Space នៅថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១។

អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ដែលជាប្រធានក្រុមប្រឹក្សាជាតិអវកាសអាមេរិក គឺជាអ្នកស្បថលោក Nelson ឲ្យចូលកាន់តួនាទីជា ប្រមុខដឹកនាំទីភ្នាក់ងារអវកាសអាមេរិក បន្តពីអតីតប្រធាន NASA លោក Jim Bridenstine ដែលបានលាលែងពីតំណែង កាលពីខែមករាកន្លងទៅ ស្របពេលដែលអាណត្តិអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ត្រូវបិទបញ្ចប់។ អំឡុងពេលប៉ុន្មានខែមកនេះ លោក Steve Jurczyk បានកាន់តំណែងជាប្រធានស្តីទីរបស់ NASA។

គួរបញ្ជាក់ថា ក្រៅពីមានអាជីពជាអ្នកនយោបាយ លោក Bill Nelson ក៏ជាអតីតអវកាសយានិកមួយរូបផងដែរ។ លោក Nelson បានធ្វើដំណើរទៅទីអវកាសនៅឆ្នាំ១៩៨៦ ក្នុងបេសកកម្មហោះហើរមួយរយៈពេល០៦ថ្ងៃ នៅលើយាន space shuttle Columbia ហើយអតីតប្រធាន NASA លោក Bridenstine គឺជាមេបញ្ជាការបេសកកម្មនោះ៕