(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិននៅក្នុងសុន្ទរកថាចំពោះមុខសភាជាលើកដំបូង កាលពីសប្ដាហ៍មុនបានសង្កត់ធ្ងន់ថាចិនកំពុងតែបោះពួយ យ៉ាងប្រកៀកខ្លាំងណាស់ ដោយលោកប្រធានាធិបតី ស៉ី ជីនពីងមានបំណងប្រាកដប្រជាមែនទែនក្នុងការប្រែក្លាយចិនឲ្យទៅជាប្រទេសដ៏អស្ចារ្យ និងមានឥទ្ធិពល បំផុតលើលោក។ បើតាមលោក ចូ បៃដិន សហរដ្ឋអាមេរិកកំពុងស្ថិតនៅក្នុងការប្រកួតដើម្បីយកជ័យជម្នះនៅក្នុងស.វទី២១នេះ ហើយថានឹងធ្វើអ្វីគ្រប់យ៉ាងដើម្បី ការពារផលប្រយោជន៍អាមេរិក។

សុន្ទរកថារបស់លោក ចូ បៃដិន ជុំវិញទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនបានបង្កឱ្យមានការជជែកដេញដោលសាជាថ្មី នោះគឺថាតើភាពតានតឹង និងការប្រជែងដណ្ដើមឥទ្ធិពលរវាងមហាអំណាចទាំង២ អាចចាត់ទុកថាជា «សង្រ្គាមត្រជាក់» បានដែរឬទេ? លោក ថូម៉ាស់ គ្រីស្ទិនសិន (Thomas Christensen) ជាសាស្ត្រាចារ្យម្នាក់មកពីសាកលវិទ្យាល័យ Columbia University យល់ថាការប្រជែងដណ្ដើមឥទ្ធិពលរវាងអាមេរិក និងចិនក្នុងពេល បច្ចុប្បន្នមិនទាន់មានលក្ខណៈ សម្បត្តិគ្រប់គ្រាន់អាចចាត់ទុកបានថាជាសង្រ្គាមត្រជាក់នោះទេ ដ្បិតវានៅខ្វះធាតុផ្សំសំខាន់ៗចំនួន៣។

ធាតុផ្សំទាំងនោះរួមមាន៖ ទី១ គឺអាមេរិក និងចិនមិនមែនកំពុងប្រឈមមុខដាក់គ្នាខាងមនោគមវិជ្ជាដើម្បីទទួលបានការគាំទ្រពីប្រទេសទី៣ណាមួយទេ, ទី២ អាមេរិក និងចិនមិនបានដឹកនាំសម្ព័ន្ធមិត្តរៀងៗខ្លួន ដែលបង្កជាសង្រ្គាម និងវិបត្តិនុយក្លេអ៊ែរ និងទី៣ គឺសេដ្ឋកិច្ចពិភពលោកមិនត្រូវបានបែងចែកជាពីរប្លុកដែលនេះធ្វើឱ្យ យុទ្ធសាស្ត្រសង្រ្គាមត្រជាក់ ឬគេស្គាល់ជាភាសាអង់គ្លេស «containment» នឹងមិនដំណើរការឡើយ។

*ការប្រជែងខាងមនោគមន៍វិជ្ជា?

ខណៈគ្មានការប្រជែងខាងមនោគមន៍វិជ្ជារវាងប្លុកកុម្មុយនិស្ដ និងប្លុកមូលធននិយម សហរដ្ឋអាមេរិក និងចិនបច្ចុប្បន្នត្រូវបានគេមើលឃើញថាកំពុងប្រជែងគ្នាខាង គំរូអភិបាលកិច្ច។ រដ្ឋបាលលោក ចូ បៃដិនបានលើកកម្ពស់គំនិតប្រជែងលើគំរូអភិបាលកិច្ចដែលត្រូវបានបង្កើតឡើងដំបូងដោយសហភាពអឺរ៉ុបដើម្បីកំណត់ធាតុផ្សំ មួយនៃទំនាក់ទំនងជាមួយទីក្រុងប៉េកាំងឈរលើមូលដ្ឋានផ្សេងៗគ្នានៃគុណតម្លៃជាស្នូល, ការគោរពសិទ្ធិមនុស្ស និងការអនុវត្តប្រជាធិបតេយ្យស្របទៅតាម
សណ្ដាប់ធ្នាប់អន្តរជាតិជាមូលដ្ឋាន។

ជាក់ស្ដែង ការយល់ឃើញពីអភិបាលកិច្ចខុសគ្នាបានស្ដែងឡើងយ៉ាងច្បាស់នៅក្នុងកិច្ចប្រជុំរវាងចិន និងអាមេរិកនៅឯទីក្រុង អាន់ខូរេគ (Anchorage) កាលពីខែមីនាកន្លងទៅ។ សហរដ្ឋអាមេរិកបានរិះគន់ចិនជុំវិញសកម្មភាពនៅក្នុងតំបន់ស៊ីនជាំង, ទីក្រុងហុងកុង, កោះតៃវ៉ាន់, សមុទ្រចិនខាងត្បូង, សមុទ្រចិនខាងកើត, ការវាយប្រហារព័ត៌មានវិទ្យា និងការគំរាមកំហែងខាងសេដ្ឋកិច្ចប្រឆាំងសម្ព័ន្ធមិត្តអាមេរិកជាដើម ដែលនេះតម្រូវឱ្យទីក្រុងវ៉ាស៊ីនតោន ត្រូវចាត់វិធានការឆ្លើយតបដើម្បីការពារនូវអ្វីដែលអាមេរិកហៅថា «សណ្ដាប់ធ្នាប់អន្តរជាតិឈរលើមូលដ្ឋានសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»

ចំណែកឯចិនវិញ ចិនបានចោទអាមេរិកថាចូលចិត្តលូកលាន់កិច្ចការផ្ទៃក្នុងនៃបណ្ដាប្រទេសដទៃ ហើយបង្គាប់ឱ្យប្រទេសដទៃឱ្យធ្វើនេះធ្វើនោះ។ សម្រាប់ចិន អធិបតេយ្យភាព និងការមិនលូកលាន់កិច្ចការផ្ទៃក្នុងប្រទេសដទៃ គឺជាមូលដ្ឋានទំនាក់ទំនងអន្តរជាតិ និងគំរូអភិបាលកិច្ចដែលតម្រូវឱ្យប្រទេសមួយៗជាអ្នកកំណត់ ជោគវាសនា និងជ្រើសប្រព័ន្ធដឹកនាំដោយខ្លួនឯង។

*អំណាចសម្ព័ន្ធមិត្ត?

យុទ្ធសាស្ត្រប្រមូលកម្លាំងសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដើម្បីប្រជែងជាមួយចិនហាក់ដូចជាលេចចេញផ្លែផ្កាជាបណ្ដើរៗ។ ក្រោយកិច្ចប្រជុំ ក្នុងទីក្រុង Anchorage សហរដ្ឋអាមេរិក, សហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងកាណាដាបានប្រកាសដាក់ទណ្ឌកម្មលើក្រុមមន្ត្រីចិន និងអង្គភាពចិនមួយចំនួន ដោយចោទថាបានចូលរួមក្នុងសកម្មភាពរំលោភសិទ្ធិមនុស្សលើជនជាតិដើមភាគតិចអ៊ុយហ្គ័រក្នុងតំបន់ស៊ីនជាំង។

ក៏ប៉ុន្តែព្រមពេលជាមួយគ្នា ចិនក៏បានពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ។ ខណៈទំនាក់ទំនងជាមួយរុស្ស៊ីកាន់តែល្អប្រសើរឡើង ចិនបានចុះកិច្ចព្រមព្រៀងយុទ្ធសាស្ត្ររយៈពេល ២៥ឆ្នាំជាមួយអ៉ីរ៉ង់ និងបន្តស្វែងរកការគំាទ្រពីបណ្ដាប្រទេសដែលបានចូលរួមក្នុងគំនិតផ្ដួចផ្ដើមសេដ្ឋកិច្ច «ខ្សែក្រវាត់ និងផ្លូវ»។ ចិនមិនធ្លាប់បានជំរុញឱ្យមានបដិវត្តន៍ ឬការផ្លាស់ប្ដូររបបដឹកនាំណាមួយដូចដែលអតីតសហភាពសូវៀតបានធ្វើនោះទេ ដោយពួកគេប្រឹងប្រែង បង្កើនទំនាក់ទំនងជាមួយថ្នាក់ដឹកនំាកំពូលនៃរដ្ឋាភិបាលទំាងនោះតាមរយៈការផ្ដល់ឱកាសពាណិជ្ជកម្ម និងការវិនិយោគជំនួសវិញ។

*ការប្រជែងខាងសេដ្ឋកិច្ច?

សេដ្ឋកិច្ចសកលត្រូវបានរួមបញ្ចូលគ្នាយ៉ាងរឹងមាំ ដោយមិនមានការបែងចែកជាពីរប្លុកនោះទេ។ សេដ្ឋកិច្ចចិនត្រូវបានគេមើលឃើញថាមានសន្ទុះខ្លាំងជាងគេ អំឡុងនៃការឆ្លងរាតត្បាត COVID-19 រហូតដល់មានការព្យាករខ្លះថាចិនអាចនឹងវ៉ាដាច់សហរដ្ឋអាមេរិកក្លាយជាមហាអំណាចសេដ្ឋកិច្ចលេខ១ នៅលើពិភពលោក នៅក្នុងពេលមិនដល់១០ឆ្នាំខាងមុខទៀតផង។

ផ្ទុយពីអតីតសហភាពសូវៀត ចិនគឺជាទីផ្សារ និងជាដៃគូពាណិជ្ជកម្មដ៏ធំរបស់បណ្ដាប្រទេសជាច្រើន ក្នុងនោះរួមមានទាំងអាមេរិក និងអឺរ៉ុបផងដែរ។ ដូច្នេះហើយ យុទ្ធសាស្ត្រសង្គ្រាមត្រជាក់ ឬ containment នឹងមិនអាចដំណើរការឡើយ។ ដ្បិតការផ្ដាច់ទំនាក់ទំនងទាំងស្រុងជាមួយចិន មិនមែនធ្វើឱ្យខូចខាតតែចិនប៉ុណ្ណោះទេ តែវាក៏បង្កការខូចខាតធ្ងន់ធ្ងរដល់បណ្ដាប្រទេសលោកខាងលិច និងសេដ្ឋកិច្ចពិភពលោកទាំងមូលផងដែរ។

គួរបញ្ជាក់ថា បើតាមលោក Thomas Christensen ទោះជាការប្រជែងបច្ចុប្បន្ន ត្រូវ ឬមិនត្រូវបានចាត់ទុកថាជាសង្រ្គាមត្រជាក់ក៏ដោយ តែអ្វីដែលគេដឹងនោះគឺ សហរដ្ឋអាមេរិក និងចិនកំពុងជាប់ផុងក្នុងជម្លោះផលប្រយោជន៍ជាច្រើន ក្នុងនោះរួមមានទាំងសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយដែលអាចនឹងអូសទាញឱ្យបណ្ដា ប្រទេសដទៃចូលរួមក្នុងជម្លោះរវាងមហាអំណាចទាំង២។ ប្រវិត្តសាស្ត្រពិភពលោកបានប្រាប់យើងហើយថាការប្រជែងគ្នារវាងមហាអំណាច និងការជឿងប់ងល់លើ ពួកមហាអំណាច រមែងតែងតែជះឥទ្ធិពលអាក្រក់ ឬបង្កការផ្លិចបំផ្លាញដល់បណ្ដាប្រទេសតូចៗ ដូចដែលគេច្រើបតែនិយាយថា « ដំរីជល់គ្នា ងាប់ស្រមោច»

ប្រភព៖ Atlantic Council (ថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១)