(ហ្សាការតា)៖ កងនាវាឥណ្ឌូណេស៊ី នៅថ្ងៃអង្គារនេះបានឱ្យដឹងថា នាវាចិនជាច្រើនគ្រឿងបានធ្វើដំណើរទៅដល់ដែនទឹកកោះបាលីហើយ ដើម្បីចូលរួមក្នុងប្រតិបត្តិការស្រង់ខ្មោចនាវាមុជទឹក ដែលបានលិចកាលខែមេសាកន្លងទៅ ដោយបានផ្ដាច់ជីវិតនាវិក នៅលើនោះទាំងអស់៥៣នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១។

ការមកដល់នៃនាវាចិនកើតមានឡើង បន្ទាប់ពីបណ្ដាប្រទេសជាច្រើនដូចជាអូស្ត្រាលី, សិង្ហបុរី និងម៉ាឡេស៊ីក៏បានបញ្ជូននាវារបស់ពួកគេ ឱ្យទៅជួយកងនាវាឥណ្ឌូណេស៊ី ក្នុងការស្រង់ខ្មោចនាវាមុជទឹកនោះ មកលើផ្ទៃគោក។ នាវាមុជទឹក KRI Nanggala 402 បានដាច់ការទាក់ទងកំឡុងការហ្វឹកហាត់មួយ កាលពីខែមេសាកន្លងទៅ ក្រោយមកត្រូវបានគេបញ្ជាក់ថា បានលិចទៅក្រោមបាតសមុទ្រជម្រៅ ៨០០ម៉ែត្រ។ បំណែកមួយនៃនាវ៉ាមុជទឹកនេះបានបាក់បែក រីឯអាជ្ញាធរបានអះអាងនាវិកទាំង
៥៣នាក់បានបាត់បង់ជីវិត។ ប៉ុន្តែមកទល់នឹងពេលនេះ រដ្ឋាភិបាលឥណ្ឌូណេស៊ីមិនទាន់បានពន្យល់ ឬមូលហេតដែលបណ្ដាលឱ្យនាវាមុជទឹកនេះលិចនៅឡើយទេ។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរឥណ្ឌូណេស៊ី នាវាចិន២គ្រឿងកំពុងប្រចាំការនៅក្នុងដែនទឹកនៃកោះបាលី ខណៈនាវាទី៣ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរមកដល់ នៅល្ងាចថ្ងៃអង្គារនេះ។ ម្យ៉ាងវិញទៀត មន្ត្រីនៃកងនាវាចិននៅលើកោះបាលី ក៏កំពុងជួយពិនិត្យទិន្នន័យ ដែលប្រមូលបានពីនាវាមុជទឹកខាងលើផងដែរ ហើយនាវាចិន ទាំងបីគ្រឿង មានសមត្ថភាពស្រង់នាវាក្នុងជម្រៅទឹកសមុទ្រ ៤,៥០០ម៉ែត្រ៕