(ឡុងដ៏)៖ រដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងនៅថ្ងៃពុធ ទី០៥ ខែឧសភានេះថា គណៈប្រតិភូឥណ្ឌាទាំងអស់ដែលបានទៅចូលរួមកិច្ចប្រជុំកំពូល នៃបណ្តាប្រទេស G7 នៅក្នុងទីក្រុងឡុង ត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែក បន្ទាប់ពីសមាជិកពីររូបរបស់ពួកគេ បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

មន្រ្តីអង់គ្លេសម្នាក់បាននិយាយថា «ប្រតិភូឥណ្ឌាពីរនាក់បានធ្វើតេស្តិ៍វិជ្ជមាន ដូច្នេះប្រតិភូទាំងអស់ត្រូវតែដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីគេ»។

ប្រភពដដែលនេះបានគូសបញ្ជាក់ទៀតថា «កិច្ចប្រជុំនេះត្រូវបានរៀបចំឡើយ ដោយមានពិធីសារ ការពារជំងឺ COVID-19 យ៉ាងតឹងរឹង រួមមានទាំងការធ្វើតេស្តជារៀងរាល់ថ្ងៃ ចំពោះប្រតិភូគ្រប់រូប»។

រដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar បាននិយាយនៅលើបណ្តាញសង្គម Twitter ថា «កាលពីល្ងាចម្សិលមិញ ត្រូវបានគេឲ្យដឹងអំពីការប្រឈមនឹងករណីវិជ្ជមាន នៃជំងឺ COVID-19…ដូច្នេះដើម្បីជាវិធានការណ៍ប្រុងប្រយ័ត្នជាមុន ខ្ញុំបានសម្រេចចិត្តចូលរួមកិច្ចប្រជុំការងារបន្ត តាមអនឡាញ។ ហើយករណីប្រជុំនៃប្រទេស G7 ដែលធ្វើឡើងនៅថ្ងៃនេះ ក៏នឹងត្រូវចូលរួមតាមអនឡាញផងដែរ»។

គួរបញ្ជាក់ថា ប្រទេសអង់គ្លេសបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរយៈពេល ៣ថ្ងៃ ដែលជាព្រឹត្តិការណ៍លើកដំបូងរបស់បណ្តាប្រទេស G7 ក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ ដោយត្រូវបានគេចាត់ទុកថា ជាឱកាសមួយដើម្បីរឹតចំណងការទូតដោយផ្ទាល់ និងជាឱកាសសម្រាប់លោកខាងលិចដើម្បីបង្ហាញនូវការរួបរួមគ្នា ប្រឆាំងនឹងការគំរាមកំហែងរបស់ប្រទេសចិន និងប្រទេសរុស្ស៊ីផងដែរ។

ឥណ្ឌាបច្ចុប្បន្នដែលទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរបំផុត ដោយសារជំងឺ COVID-19 កំពុងចូលរួមកិច្ចប្រជុំក្នុងក្រុមប្រទេស G7 ក្នុងនាមជាភ្ញៀវ ហើយនឹងត្រូវចូលរួមក្នុងការប្រជុំកាលពីល្ងាចថ្ងៃអង្គារ និងពេញមួយថ្ងៃពុធនេះ៕