(វ៉ាស៊ីនតោន)៖ ក្រុមប្រឹក្សាត្រួតពិនិត្យឯករាជ្យរបស់ក្រុមហ៊ុន Facebook នៅថ្ងៃពុធនេះ បានគាំទ្រចំពោះការសម្រេចបន្តបិទគណនីរបស់អតីតប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ ប៉ុន្តែបានអំពាវនាវឱ្យពិនិត្យឡើងវិញលើករណីនេះក្នុងរយៈពេលប្រាំមួយខែក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១។

ក្រុមប្រឹក្សាភិបាលនេះបាននិយាយថា «លោក ដូណាល់ ត្រាំ បានបង្កើតបរិយាកាសមួយដែលបង្កជាហានិភ័យ នៃអំពើហឹង្សាដ៏ធ្ងន់ធ្ងរ ជាមួយនឹងការអត្ថាធិប្បាយរបស់លោក អំពីការសម្រុកចូលវាយប្រហារវិមានកាពីតូលសហរដ្ឋអាមេរិកកាលពីថ្ងៃទី០៦ ខែមករាកន្លងទៅ ដោយអ្នកគាំទ្ររបស់លោក»។

ក្រុមប្រឹក្សាបានសង្កត់ធ្ងន់ថា «ដោយមើលឃើញពីភាពធ្ងន់ធ្ងរ នៃការរំលោភបំពាន និងហានិភ័យនៃអំពើហឹង្សាដែលកំពុងកើតមាននោះ ក្រុមហ៊ុន Facebook បានសម្រេចព្យួរគណនីរបស់លោក ត្រាំ កាលពីថ្ងៃទី០៦ ខែមករា និងពន្យារពេលការព្យួរកាលពីថ្ងៃទី០៧ ខែមករា»

ទោះយ៉ាងណាគណៈកម្មាធិការបានបន្ថែមថា «វាមិនសមស្របសម្រាប់ Facebook ក្នុងការដាក់ការផាកពិន័យ ដែលគ្មានកាលកំណត់ និងគ្មានស្តង់ដាចំពោះការព្យួរគណនីនោះទេ» ដោយបានអំពាវនាវឲ្យវេទិកាមួយនេះពិនិត្យឡើងវិញចំពោះបញ្ហានេះដើម្បីកំណត់ និងបង្ហាញនូវការឆ្លើយតបដ៏សមរម្យក្នុងរយៈពេលប្រាំមួយខែ។

គួរបញ្ជាក់ថា ក្រុមហ៊ុនបណ្តាញសង្គមយក្ស Twitter និង Facebook បានព្យួរគណនីរបស់លោក ដូណាល់ ត្រាំ បន្ទាប់ពីអតីតប្រធានាធិបតីរូបនេះ ត្រូវបានគេចោទប្រកាន់ថា បានបង្ហោះសារមួយចំនួន ដែលមានបង្កប់អត្ថន័យញុះញង់ឱ្យក្រុមអ្នកគាំទ្ររបស់លោក សម្រុកចូលវាយប្រហារវិមានសភាអាមេរិក កាលពីថ្ងៃទី០៦ ខែមករាកន្លងទៅ៕