(តិចសាស់)៖ នាវាអវកាសគំរូ SN15 របស់ក្រុមហ៊ុន SpaceX នៃមហាសេដ្ឋីអាមេរិកលោក អ៉ីឡុន ម៉ាសក៍ (Elon Musk) បានបញ្ចប់ការធ្វើតេស្តដោយរលូនជាលើកដំបូង ទាំងទៅលើការហោះឡើង, ការបញ្ជាការហោះហើរលើរយៈកម្ពស់ខ្ពស់ និងការចុះចតត្រឡប់មកកាន់ ចំណុចដែលវាត្រូវចុះចតវិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន space នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០២១។

ប្រធានវិស្វករនៃកម្មវិធីហោះហើររបស់ SpaceX លោក ចន អ៉ីស្ព្រាក់ខឺ (John Insprucker) បានថ្លែងថា «យើងបានចុះចតវិញហើយ! នាវាអវកាស (Starship) បានចុះចតហើយ»។ ការធ្វើតេស្តរបស់ SN15 គឺធ្វើឡើងនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ (ពេលវេលានៅសហរដ្ឋអាមេរិក) ដែលត្រូវចំឱកាសប្រារព្ធខួបទី ៦០ឆ្នាំ នៃការបញ្ជូនអវកាសយានិក អាមេរិកដំបូងគឺលោក អាឡាន ហ្សេភើដ (Alan Shepard) ឡើងទៅកាន់ទីអវកាស។

គួរបញ្ជាក់ថា នាវាអវកាសគំរូ SN15 ដែលត្រូវបានគ្រោងធ្វើតេស្ត តាំងតែពីចុងសប្តាហ៍មុននោះ ត្រូវបានពន្យារមកដល់វេលាម៉ោង ៦៖២៤នាទីល្ងាចថ្ងៃពុធ (ម៉ោងនៅរដ្ឋតិចសាស់)។ វាបានហោះឡើង ចេញពីមូលដ្ឋាន បូកា ជីកា (Boca Chica) នៃក្រុមហ៊ុន SpaceX ស្ថិតតាមបណ្តោយឆ្នេរសមុទ្ររដ្ឋតិចសាស់ ភាគខាងត្បូងសហរដ្ឋអាមេរិក។

បើតាមការបញ្ជាក់របស់ SpaceX នាវាអវកាស SN15 បានហោះឡើងក្នុងរយៈកម្ពស់ ១០គីឡូម៉ែត្រ ទើបធ្វើការហោះសម្តែងរាង ដូចនាវាអវកាសមុនៗ រួចក៏ធ្វើការចុះចតមកកាន់ទីតាំង (landig pad) ដើមវិញ។ សកម្មភាពរបស់ SN15 ជារួមគឺមានរយៈពេល ៦នាទី។

ការធ្វើតេស្តរបស់ SN15 (នាវាអវកាសគំរូទី ៥) ពេលនេះគឺត្រូវបានចាត់ទុកថា ទទួលបានលទ្ធផលគាប់ប្រសើរបំផុតហើយ បើធៀបនឹង SN8, SN9, SN10 និង SN11។ នាវាអវកាសគំរូទាំង ០៤មុននេះសុទ្ធតែបានហោះឡើង និងសម្តែងការហោះហើរលើអាកាសដោយជោគជ័យ ប៉ុន្តែពួកវាបានជួបប្រទះជោគវាសនាដូចៗគ្នា នៅពេលចុះចតមកវិញនោះគឺការបុកដី និងផ្ទុះឆេះ៕