(ប៉ារីស)៖ ការខូចខាតសេដ្ឋកិច្ចដោយជំងឺឆ្លងរាតត្បាតពិភពលោក (COVID-19) ក៏ដូចជាសង្គ្រាម-ជម្លោះប្រដាប់អាវុធ និងបញ្ហាបម្រែបម្រួលអាកាសធាតុ កំពុងជំរុញឱ្យមានការភ័យព្រួយកាន់តែខ្លាំងលើសុវត្ថិភាព និងសន្តិសុខស្បៀងអាហារ ដោយកាលពីឆ្នាំ២០២០កន្លងទៅនេះ វាបានឈានដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មានក្នុងរយៈពេល ០៥ឆ្នាំ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០២១។

របាយការណ៍របស់សហភាពអ៊ឺរ៉ុប, អង្គការស្បៀងអាហារ និងកសិកម្ម (FAO) និងកម្មវិធីស្បៀងអាហារពិភពលោក ដែលកំពុងតាមដានស្ថានការណ៍ វិវឌ្ឍកាន់តែអាក្រក់ខាងលើនេះ បានបង្ហាញឱ្យដឹងទៀតថា កាលពីឆ្នាំ២០២០ ប្រជាជនចំនួន ១៥៥លាននាក់នៅក្នុងប្រទេសចំនួន ៥៥ បានប្រឈមនឹងកង្វះខាតស្បៀងអាហារធ្ងន់ធ្ងរ ពោលគឺមានចំនួន ២០លាននាក់ច្រើនជាងកាលពីឆ្នាំ២០១៩។

អគ្គនាយកនៃអង្គការ ហ្វាវ (FAO) លោក ឃ្យូ ដុងយ៉ូ (Qu Dongyo) បានរៀបរាប់អំពីរបាយការណ៍សកលថ្មី ស្តីពីវិបត្តិស្បៀងអាហារយ៉ាងដូច្នេះថា «យើងត្រូវតែរួមគ្នាដើម្បីការពារកុំឲ្យស្ថានភាព កាន់តែយ៉ាប់យ៉ឺនជាងនេះបន្ថែមទៀត។ ដូច្នេះសកម្មភាពមនុស្សធម៌ ត្រូវតែជំរុញជាបន្ទាន់»។ លោក Dongyo បានសង្កត់ធ្ងន់បន្ថែមទៀតថា «យើងត្រូវតែដោះស្រាយដើមហេតុ និងធ្វើឱ្យប្រព័ន្ធកសិកម្មផលិតស្បៀងអាហារ កាន់តែមានប្រសិទ្ធភាព»

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២០ ប្រទេសមួយចំនួន ដែលបានជួបវិបត្តិស្បៀងអាហារ ធ្ងន់ធ្ងរជាងគេបំផុតនោះគឺ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកុងហ្គោ (DR Congo), ប្រទេសយ៉េមែន (Yemen) និងប្រទេសអាហ្វហ្គានីស្ថាន (Afghanistan)៕