(ញូយ៉ក)៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិ (UN) នាថ្ងៃពុធសប្តាហ៍នេះបានឲ្យដឹងថា ប្រមុខអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) នៅតែប្រកាន់ជំហរជឿជាក់ថា ក្រុមហ៊ុនផលិតវ៉ាក់សាំងទាំងឡាយ គួរតែផ្តល់សិទ្ធិអនុញ្ញាតឲ្យក្រុមហ៊ុនដទៃទៀត ផលិតវ៉ាក់សាំងកូវីដ-១៩ របស់ពួកគេ ដើម្បីអាចបង្កើនការផ្គត់ផ្គង់នៅទូទាំងពិភពលោក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០២១។

លោក ស្ទេហ្វាន ឌូចារិច (Stephane Dujarric) ដែលជាអ្នកនាំពាក្យខាងលើ បាននិយាយយ៉ាងដូច្នេះ «លោកអគ្គលេខាធិការ UN ជារឿយៗបានអំពាវនាវឲ្យមានការចែករំលែក បច្ចេកវិទ្យា វិធីសាស្រ្ត និងអាជ្ញាប័ណ្ណ ស្តីពីការផលិតវ៉ាក់សាំង COVID-19»។ កន្លងមកនេះ លោក Guterres តែងតែបានទទូចឲ្យវ៉ាក់សាំងបង្ការជំងឺ COVID-19 អាចទៅដៃគ្រប់ប្រទេសទាំងអស់លើពិភពលោក និងបានស្នើសុំថវិកាបន្ថែម ដើម្បីយកទៅប្រើប្រាស់ក្នុងកម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX។

ទន្ទឹមគ្នានេះដែរ អង្គការពាណិជ្ជកម្មពិភពលោក (WTO) កំពុងបន្តការពិភាក្សាអំពីសំណើ ស្តីពីការលើកលែងសិទ្ធិប៉ាតង់ ចំពោះវ៉ាក់សាំងដែលផ្តើមស្នើឡើង ដោយប្រទេសអាហ្រ្វិកខាងត្បូង និងឥណ្ឌា។ ការសម្រេចចិត្តនីមួយៗរបស់ WTO គឺអាស្រ័យទៅលើភាពជាឯកច្ឆន្ទ ហេតុដូច្នេះហើយគ្រប់សមាជិកទាំង ១៦៤ ត្រូវតែព្រមព្រៀងគ្នា ដោយមិនអាចមានសំឡេងជំទាស់ឡើយសូម្បីតែមួយ។

គួរបញ្ជាក់ថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះបានប្រកាសពីការគាំទ្រសម្រាប់ការលើកលែងកម្មសិទ្ធិបញ្ញា ឬប៉ាតង់វ៉ាក់សាំង COVID-19 ហើយថានឹងចរចាពីបញ្ហានេះជាមួយ WTO។ សហរដ្ឋអាមេរិកបានលើកឡើងទៀតថា ការសម្រេចចិត្តបែបនេះ គឺដោយសារតែខ្លួនបានមើលឃើញថា COVID-19 ជាបញ្ហាសុខាភិបាលសកល និងកាលៈទេសៈបន្ទាន់ដែលត្រូវឱ្យមាន «វិធានការលើកលែងពិសេស»