(ហាណូយ)៖ អាជ្ញាធរសុខាភិបាលវៀតណាមបានកត់ត្រាករណីឆ្លងថ្មី នៃជំងឺ COVID-19 ចំនួន ៦៨ករណី ក្នុងនោះមាន ៦៤ករណីជាករណីឆ្លងក្នុងសហគមន៍ ខណៈ០៤ករណីផ្សេងទៀតជាករណីនាំចូល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០២១។

បើតាមការគូសបញ្ជាក់របស់អាជ្ញាធរ ករណីសហគមន៍រួមមាន ២៨ករណីបានរាយការណ៍ចេញពីរដ្ឋធានីហាណូយរបស់ប្រទេសវៀតណាម, ១២ករណីនៅខេត្ត Bac Ninh និង ១១ករណីទៀតនៅភាគខាងជើង នៃខេត្ត Vinh Phuc។

ករណីភាគច្រើនជាពិសេសនៅរដ្ឋធានីហាណូយ និងតំបន់ភាគខាងជើងនៃប្រទេស គឺមានជាប់ទាក់ទងនឹងចង្កោមចម្លង ដែលបានផ្ទុះចេញពីន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺ COVID-19 មួយកន្លែងនៅហាណូយ។

ជុំវិញបញ្ហានេះ អាជ្ញាធរនៃខេត្តថៃប៊ិញ (Thai Binh) ភាគខាងជើងបានសម្រេចចិត្តអនុវត្តវិធានការណ៍រក្សាគម្លាតសង្គមនៅទូទាំងមូលដ្ឋាន ដោយចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះទៅ។

គួរបញ្ជាក់ថា គិតត្រឹមម៉ោង ៦៖០០p.m នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសវៀតណាមបានកត់ត្រាចំនួនអ្នកឆ្លងសហគមន៍សរុប ១,៦៩០ករណី ក្នុងនោះរាប់បញ្ចូលទាំង ១២០ករណី ដែលរកឃើញចាប់តាំងពីមានការផ្ទុះចុងក្រោយបង្អស់ កាលពីថ្ងៃទី ២៩ ខែមេសាកន្លងទៅ៕