(រ៉ូម)៖ នាយករដ្ឋមន្ត្រីអ៉ីតាលីលោក ម៉ារីអូ ដ្រេហ្គី (Mario Draghi) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានធ្វើការស្នើសុំមួយទៅកាន់ពិភពលោក ឲ្យជំរុញល្បឿននៃការផលិតវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ប្រកបដោយសុវត្ថិភាព ខណៈការរាតត្បាតជំងឺ COVID-19 ក្នុងប្រទេសអឺរ៉ុបមួយនេះ កំពុងស្ថិតក្នុងស្ថានភាពនឹងនរមួយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២១។

លោក Mario Draghi បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «វ៉ាក់សាំងគឺជាទំនិញទូទៅមួយ... អាទិភាពនៅចំពោះមុខ គឺបង្កើនល្បឿនផលិតកម្មរបស់វា ស្របពេលនៃការធានាសុវត្ថិភាព និងដកចេញនូវរនាំងទាំងឡាយ ដែលបង្កការរាំងស្ទះដល់យុទ្ធនាការ ចាក់វ៉ាក់សាំងនៅក្នុងពេលតែមួយ»។

គួរបញ្ជាក់ថា ប្រទេសអ៉ីតាលីដែលធ្លាប់រងគ្រោះដោយសារ COVID-19 ធ្ងន់ធ្ងរជាងគេបំផុតនៅទ្វីបអឺរ៉ុបកាលពីឆ្នាំ២០២០ ពេលនេះនៅតែបន្តរកឃើញអ្នកឆ្លង រាប់ម៉ឺននាក់នៅក្នុងមួយថ្ងៃ ប៉ុន្តែស្ថិតនៅក្នុងអត្រាមួយដែលខ្លួនអាចគ្រប់គ្រងបាន។ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អ៉ីតាលីមានករណីឆ្លង COVID-19 សរុបជាង ៤លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ១២២,០០០នាក់ និងជាសះស្បើយវិញជាង ៣,៥៥៧,០០០នាក់។

ប្រទេសអ៉ីតាលីដែលមានប្រជាជនសរុប ៦០លាននាក់ ពេលនេះបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ២២.៣លានដូសហើយជូនប្រជាជន ក្នុងនោះ ៦.៧លាននាក់ (ស្មើនឹងជាង ១០% នៃប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕