(កង់បេរ៉ា)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison នៅថ្ងៃសុក្រនេះបានអះអាងថាបម្រាមធ្វើដំណើរមកពីប្រទេសឥណ្ឌានឹងត្រូវអស់សុពលភាព នៅថ្ងៃទី១៥ ខែឧសភានេះ ដែលនេះនឹងអនុញ្ញាតឱ្យពលរដ្ឋអូស្ត្រាលីកំពុងជាប់គាំងនៅឥណ្ឌារាប់ពាន់នាក់អាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២១។

រដ្ឋាភិបាលអូស្រ្តាលីកាលពីសប្ដាហ៍មុនបានប្រកាសដាក់ចេញបម្រាមយ៉ាងតឹងរ៉ឹងដោយហាមឃាត់អ្នកដំណើរទាំងអស់ រួមទាំងពលរដ្ឋអូស្ត្រាលី មកពីប្រទេសឥណ្ឌាចូលមកក្នុងប្រទេសខ្លួន ហើយអ្នកដែលល្មើសបម្រាមនេះអាចនឹងប្រឈមមុខនឹងការពិន័យជាប្រាក់ ឬត្រូវជាប់ពន្ធនាគារ
រហូតដល់ទៅ៥ឆ្នាំ។ ក៏ប៉ុន្តែក្រោយរងការរិះគន់ រដ្ឋាភិបាលអូស្ត្រាលីហាក់ដូចជាបន្ទន់ឥរិយាបថ ដោយលោក Scott Morrison បញ្ជាក់ថាគ្មានហេតុផល ត្រូវបន្តអនុវត្តបម្រាមនេះលើសថ្ងៃទី១៥ ខែឧសភាទៀតនោះទេ។

លោក Morrison បានបញ្ជាក់ដូច្នេះថា៖ «អ្វីដែលយើងនឹងធ្វើ នោះគឺរង់ចាំទទួលការធ្វើមាតុភូមិនិវត្តន៍មកកាន់ដែនដីភាគខាងជើង (Northern Territory) ខណៈយើងកំពុងរៀបចំជើងហោះហើរជាមួយក្រុមហ៊ុនអាកាសចរណ៍របស់យើងដើម្បីនាំក្រុមមនុស្សដំបូងមកពីឥណ្ឌា»។

គួរបញ្ជាក់ថា ពលរដ្ឋអូស្ត្រាលីជាង ៩,០០០នាក់ត្រូវបានគេជឿជាក់ថាកំពុងស្ថិតនៅក្នុងប្រទេសឥណ្ឌា និងកំពុងទន្ទឹមរង់ចាំត្រលប់ទៅផ្ទះរបស់ពួកគេ វិញ។ បើតាមលោក Scott Morrison ជនងាយរងគ្រោះនឹងត្រូវបានផ្ដល់អាទិភាពឱ្យឡើងជិះយន្ដហោះចេញពីឥណ្ឌាត្រលប់មកកាន់អូស្ត្រាលីវិញ នៅមុនដំណាច់ខែឧសភានេះ៕