(ពិភពលោក)៖ នៅទីបំផុតអង្គការសុខភាពពិភពលោក (WHO) ប្រកាសទទួលស្គាល់វ៉ាក់សាំង Sinopharm របស់ចិនហើយ នេះបើយោងតាមសារព័ត៌មាន AFP ចេញផ្សាយមុននេះបន្តិចនាយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។

វ៉ាក់សាំងនេះជាវ៉ាក់សាំងដ៏សំខាន់មួយ ក្នុងចំណោមវ៉ាក់សាំងសំខាន់ៗពីររបស់ចិន ដែលបានផ្តល់ឱ្យប្រជាជនរាប់រយលាននាក់រួចទៅហើយនៅក្នុងប្រទេសចិន និងនៅបរទេស។ វាបានក្លាយជាវ៉ាក់សាំងបង្ការជំងឺ COVID-19 ដំបូងគេរបស់ប្រទេសមិនមែនលោកខាងលិច ដែលទទួលបានការគាំទ្រពីអង្គការសុខភាពពិភពលោក (WHO)។ ហើយនេះក៏ជាលើកទី១ ផងដែរ ដែលអង្គការអន្តរជាតិមួយនេះ បានផ្តល់ការអនុញ្ញាតិឲ្យប្រើប្រាស់បន្ទាន់ នូវវ៉ាក់សាំងចិនសម្រាប់បង្ការជំងឺឆ្លងណាមួយ។

ការចុះបញ្ជីរបស់អង្គការសុខភាពពិភពលោកនេះ គឺជាការទទួលស្គាល់ពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងចិនមួយនេះ ក៏ដូចជាការអនុញ្ញាតឱ្យដាក់បញ្ចូលវ៉ាក់សាំងនេះ ទៅក្នុងកម្មវិធីវ៉ាក់សាំងចែកចាយសកល ដែលហៅកាត់ថា Covax របស់អង្គការមួយនេះផងដែរ។

គួរបញ្ជាក់ថា WHO បានអនុម័តយល់ព្រមឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ ចំពោះវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន០៤ប្រភេទរួចមកហើយ ក្នុងនោះរួមមានដូចជាវ៉ាក់សាំងដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Pfizer-BioNTech ក្រុមហ៊ុន AstraZeneca ក្រុមហ៊ុន Johnson & Johnson និងក្រុមហ៊ុន Moderna៕