(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានថ្លែងនៅថ្ងៃសុក្រសប្តាហ៍នេះថា លោកមានទំនុកចិត្តនៅក្នុងការបើក កិច្ចជំនួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងខែមិថុនាខាងមុខនេះ ខណៈភាពតានតឹងផ្នែកព្រំដែនរវាងរុស្ស៊ី និងអ៊ុយក្រែន ទំនងជាមិនអាចធ្វើឲ្យប៉ះពាល់ ទៅដល់ផែនការរៀបចំកិច្ចប្រជុំនេះឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១។

លោក ចូ បៃដិន បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្នុងសេតវិមាននៃរដ្ឋធានីវ៉ាស៊ីនតោនថា «ខ្ញុំមានទំនុកចិត្តថា យើងនឹងអាចធ្វើវាបាន។ យើងមិនទាន់បានរៀបចំកន្លែង និងពេលវេលាជាន់លាក់នៅឡើយទេ (សម្រាប់កិច្ចប្រជុំជាមួយលោក ពូទីន)។ ទាំងអស់នេះកំពុងស្ថិតក្នុងការរៀបចំ»។ លោក បៃដិន ក៏បានរំលឹកផងដែរថា ភាពតានតឹងនៅតំបន់ព្រំដែន អ៊ុយក្រែន-រុស្ស៊ី មិនអាចផ្លាស់ប្តូរចេតនាលោក ក្នុងការរៀបចំកិច្ចប្រជុំជាមួយលោក ពូទីន នោះឡើយ។

បើតាមអ្នកនាំពាក្យសេតវិមាន ប្រធានបទដែលនឹងត្រូវលើកឡើងក្នុងកិច្ចប្រជុំ ព្រមទាំងពេលវេលា និងទីកន្លែងដែលមេដឹកនាំប្រទេស មានវិស័យយោធាខ្លាំងបំផុតទាំងពីរលើលោកនេះ នឹងត្រូវជួបពិភាក្សាគ្នានោះ កំពុងស្ថិតនៅក្នុងការពិចារណាជ្រើសរើសនៅឡើយ។

យ៉ាងណាក៏ដោយ លោក បៃដិន ធ្លាប់បានបង្ហើបកាលពីដើមសប្តាហ៍នេះថា លោកនឹងអាចជួបជាមួយលោក ពូទីន អំឡុងពេលដែលលោកទៅបំពេញទស្សនកិច្ច នៅទ្វីបអឺរ៉ុបនៅក្នុងខែមិថុនា ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលមួយនៅអង់គ្លេស និងកិច្ចប្រជុំរបស់អង្គការ NATO នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក៕