(វែលីងតោន)៖ នៅថ្ងៃចន្ទសប្តាហ៍ក្រោយ នូវែលសេឡេង់នឹងអនុវត្តពេញលេញឡើងវិញ នូវកម្មវិធីធ្វើដំណើរដោយមិនចាំបាច់ ត្រូវធ្វើចត្តាឡីស័កជាមួយអូស្រ្តាលី ខណៈក្តីព្រួយបារម្ភជុំវិញការរកឃើញករណីឆ្លងថ្មីនៃ COVID-19 នៅទីក្រុងស៉ីដនីនៃរដ្ឋ New South Wales បានស្ងប់ទៅវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នូវែលសេឡង់បានសម្រេចផ្អាកការធ្វើដំណើរទៅមករដ្ឋ New South Wales ដែលជារដ្ឋមានមនុស្សរស់នៅច្រើនបំផុតរបស់អូស្រ្តាលី ក្រោយប្តីប្រពន្ធពីរនាក់នៅទីក្រុងស៉ីដនី ដែលពុំមានទំនាក់ទំនងជាមួយការងារ ឬបុគ្គលដែលមានហានិភ័យខ្ពស់ផងនោះ ត្រូវបានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19។

ប្រការនេះបានធ្វើឲ្យអាជ្ញាធររដ្ឋ New South Wales ដាក់ចេញឡើងវិញខ្លះៗនូវ វិធានការរក្សាគម្លាតសុវត្ថិភាពសង្គម នៅក្នុងនិងជុំវិញទីក្រុងស៉ីដនី រួមជាមួយយុទ្ធនាការជំរុញឲ្យប្រជាជនមកទទួលការធ្វើតេស្តរក COVID-19 ស្របពេលដែលអាជ្ញាធរប្រឹងប្រែង កំណត់ពីប្រភពនៃការចម្លង។ ប៉ុន្តែនៅថ្ងៃសៅរ៍នេះ គឺជាថ្ងៃទី០២ជាប់គ្នាហើយ ដែលពុំមានករណីឆ្លងថ្មីទៀតនោះទេ ត្រូវបានរាយការណ៍។

គួរបញ្ជាក់ថា នូវែលសេឡង់និងអូស្រ្តាលី បានចាប់ផ្តើមអនុញ្ញាតឲ្យមានការធ្វើដំណើរទៅមករវាងគ្នា ដោយពុំចាំបាច់មានការធ្វើចត្តាឡីស័ក កាលពីខែមេសា កន្លងទៅ ក្រោយពីប្រទេសជិតខាងទាំងពីរ គ្រប់គ្រងស្ថានការណ៍ COVID-19 បានយ៉ាងល្អប្រសើរ៕