(ហ្សឺណែវ)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បានប្រកាសទទួលស្គាល់ជាផ្លូវការនូវវ៉ាក់សាំងបង្ការ COVID-19 ស៊ីណូហ្វាម (Sinopharm) របស់ប្រទេសចិន ដោយប្រការនេះត្រូវបានគេមើលឃើញថា នឹងជំរុញឲ្យវ៉ាក់សាំងនេះ ទទួលបានការអនុម័តឲ្យប្រើពីសំណាក់ បណ្តាប្រទេសកាន់តែច្រើនបន្ថែមទៀតបូករួមទាំងការបញ្ជាទិញ ក៏នឹងកើនឡើងទៅតាមនោះផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

កន្លងមកនេះប្រទេសចិនបានផ្តល់វ៉ាក់សាំង ទៅដល់បណ្តាប្រទេសសរុបជាង៨០ ទៅហើយនៅទូទាំងពិភពលោក ដើម្បីជួយពួកគេក្នុងការទប់ទល់នឹង ជំងឺរាតត្បាតសកល COVID-19 ដែលជាតម្រូវការចាំបាច់បំផុត មិនអាចខ្វះបានទាល់តែសោះ នូវវ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព និងងាយទទួលបានយ៉ាងឆាប់រហ័ស។

សម្រាប់ការប្រកាសទទួលស្គាល់ជាផ្លូវការ នូវវ៉ាក់សាំងបង្ការ COVID-19 ស៊ីណូហ្វាមរបស់ចិនដោយអគ្គនាយក WHO លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) ប្រាកដណាស់នឹងជួយជំរុញ ឲ្យវ៉ាក់សាំងមួយនេះចរាចរណ៍បាន កាន់តែគ្របដណ្តប់នៅទូទាំងពិភពលោក ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។ វាក៏សមស្របទៅនឹងទិសដៅ នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីគ្រប់គ្រងជំងឺរាតត្បាតសកល COVID-19 ឲ្យបានកាន់តែឆាប់រហ័សបំផុត តាមដែលអាចធ្វើទៅបានផងដែរ។

លោក ថេដ្រូស អាដាណម បានគូសបញ្ជាក់យ៉ាងច្បាស់លាស់ថា «ការដាក់បញ្ចូលវ៉ាក់សាំងចិន Sinopharm ទៅក្នុងបញ្ជីប្រើប្រាស់ជាបន្ទាន់ គឺយោងទៅលើការពិនិត្យឃើញអំពីសុវត្ថិភាព, ប្រសិទ្ធភាព និងគុណភាព»។ នេះជាវ៉ាក់សាំងទី៦ ហើយដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ WHO។

បន្ថែមពីខាងលើនេះ លោកស្រី ម៉ារីអ៊ែនជែឡា ស៊ីម៉ាវ (Mariangela Simao) មន្ត្រីជាន់ខ្ពស់ផ្នែកត្រួតពិនិត្យផលិតផលសុខភាពនៃ WHO ក៏បានលើកឡើងផងដែរ អំពីប្រសិទ្ធភាពជាក់ស្តែង នៃវ៉ាក់សាំងចិន Sinopharm តាមរយៈទិន្នន័យបានមកពីការធ្វើតេស្ត និងពិនិត្យយ៉ាងដិតដល់បំផុត។ លោកស្រី Simao បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រសិទ្ធភាពនៃវ៉ាក់សាំង (Sinopharm) សម្រាប់ទប់ស្កាត់រោគសញ្ញា និងការព្យាបាលនៅមន្ទីរពេទ្យត្រូវបានគេប៉ាន់ស្មានថា មានចំនួនដល់ទៅ ៧៩% បើតាមទិន្នន័យពីក្រុមអាយុទាំងអស់បូកបញ្ចូលគ្នា»

ដោយឡែកវ៉ាក់សាំងចិនមួយទៀតគឺ ស៊ីណូវ៉ាក់ (Sinovac) ក៏ត្រូវបានគេរំពឹងថា នឹងទទួលបានការអនុម័តជាផ្លូវការពី WHO ឲ្យប្រើប្រាស់ក្នុងករណីបន្ទាប់ នៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ វានឹងជួយជំរុញឲ្យពិភពលោក កាន់តែមានទំនុកចិត្តខ្លាំងឡើង ជាពិសេសប្រទេសកំពុងអភិវឌ្ឍទាំងឡាយ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដ៏កាចសាហាវ តាមរយៈវ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងគុណភាព ដែលត្រូវបានទទួលស្គាល់ដោយ ស្ថាប័នសុខាភិបាលកំពូលរបស់អន្តរជាតិ៕