(ញូដេលី)៖ អាជ្ញាធរផ្នែកត្រួតពិនិត្យឱសថនៃប្រទេសឥណ្ឌា បានសម្រេចផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំប្រឆាំងជំងឺ COVID-19 ម៉្យាង ក្នុងលក្ខខណ្ឌបន្ទាន់។ នេះបើតាមការចេញផ្សាយដោយវែបសាយព័ត៌មាន Gulf News នៅថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១។

ថ្នាំខាងលើមានឈ្មោះថា 2-deoxy-D-glucose ឬ 2-DG ត្រូវបានអភិវឌ្ឍឡើងដោយមន្ទីរពិសោធន៍ INMAS នៃទីភ្នាក់ងារស្រាវជ្រាវ និងអភិវឌ្ឍន៍វិស័យការពារជាតិ (DRDO) របស់ក្រសួងការពារជាតិឥណ្ឌា ក្រោមការសហការគ្នាជាមួយក្រុមហ៊ុនផលិតឱសថឥណ្ឌា Dr. Reddy's Laboratories។ លទ្ធផលធ្វើតេស្តសាកល្បងរបស់វា បានបង្ហាញថា ថ្នាំនេះមានសុវត្ថិភាព និងអាចជួយអ្នកជំងឺ COVID-19 ដែលត្រូវសម្រាកព្យាបាល នៅមន្ទីរពេទ្យឲ្យឆាប់ជាសះស្បើយឡើងវិញ ហើយកាត់បន្ថយតម្រូវការនៃឧស្ម័នអុកស៉ីហ្សែនជំនួយ។

គួរបញ្ជាក់ថា អាជ្ញាធរឥណ្ឌាបានអនុម័តឲ្យប្រើប្រាស់ថ្នាំ 2-DG ក្នុងលក្ខខណ្ឌបន្ទាន់ សម្រាប់ជាវិធីសាស្រ្តព្យាបាលបន្ថែម ចំពោះអ្នកជំងឺ COVID-19 ដែលមានសភាពល្មម និងធ្ងន់ធ្ងរ។ ថ្នាំនេះត្រូវគេអះអាងថា ងាយស្រួលផលិតក្នុងចំនួនច្រើន។ វាមានទម្រង់ជាម៉្សៅ ដូច្នេះត្រូវលាយចូលគ្នាជាមួយទឹក មុនពេលលេប។ ខណៈកំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងរបំផុត ដោយសារការវាយលុកជាថ្មីនៃ COVID-19 ឥណ្ឌាសង្ឃឹមថាថ្នាំ 2-DG អាចនឹងជួយអ្នកជំងឺបានយ៉ាងច្រើន៕