(វ៉ាស៊ីនតោន)៖ សហប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃក្រុមហ៊ុន Facebook លោក Michael McConnell បាននិយាយថាអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពិតជាបានលើកទឹកចិត្តក្រុមកុបករគាំទ្ររូបលោកឱ្យសម្រុកចូលវាយប្រហារវិមានសភាកាលពីថ្ងៃទី០៦ ខែមករាប្រាកដមែន ហើយនេះជាទង្វើស័ក្តិសម នឹងជាប់បម្រាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១។

ការលើកឡើងខាងលើរបស់លោក Michael McConnell ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ និងប៉ុន្មានថ្ងៃតែប៉ុណ្ណោះបន្ទាប់ពី Facebook សម្រេចចិត្តបន្តព្យួរគណនីលោក ត្រាំ។ លោក McConnell បានគូសបញ្ជាក់ដូច្នេះថា៖ «គាត់ (លោក ដូណាល់ ត្រាំ) បានធ្វើសេចក្ដីថ្លែងការណ៍អំពាវនាវឱ្យមានសន្តិភាព តែវាមានបង្កប់ការជំរុញលើកទឹកចិត្តឱ្យពួកគេ (កុបករ) បន្តធ្វើសកម្មភាពតទៅទៀត»។ លោក McConnell បន្ថែមថាលោក ត្រាំត្រូវតែទទួលខុសត្រូវចំពោះទង្វើដែលលោកបានប្រព្រឹត្ត ប៉ុន្តែព្រមពេលជាមួយគ្នាលោកក៏បានទទួលស្គាល់ដែរថាគោលការណ៍ច្បាប់មួយចំនួន របស់ Facebook កំពុងស្ថិតនៅក្នុងភាពច្របូកច្របល់ និងចាំបាច់ត្រូវដោះស្រាយ។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ក្រុមហ៊ុន Facebook បានសម្រេចចិត្តបន្តបិទគណនីរបស់លោក ដូណាល់ ត្រាំ ដោយមិនបញ្ជាក់ពីកាលកំណត់ ខណៈក្រុមហ៊ុន Twitter សម្រេចព្យួរគណនីរបស់លោក ត្រាំ ជាអចិន្ត្រៃយ៍ដោយសារបារម្ភខ្លាចក្រែងថាលោក ត្រាំនឹងបន្តញុះញង់ឱ្យមានការប្រព្រឹត្តអំពើហិង្សានៅពេលអនាគត៕